ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍កាលពីថ្ងៃសៅរ៍ (១៩ តុលា) ថា លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចុះត្រួតពិនិត្យកងពលតូចនៃកងកម្លាំងរ៉ូកែតរបស់កងទ័ពរំដោះប្រជាជនចិន PLA ដោយជំរុញឱ្យកងទ័ពបង្កើន “ការរារាំង និងសមត្ថភាពប្រយុទ្ធ” របស់ពួកគេ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរបាននិយាយថា ក្នុងអំឡុងពេលនៃអធិការកិច្ចនោះ លោក Xi ក៏បានជំរុញឱ្យកងទ័ពមីស៊ីលយុទ្ធសាស្ត្រ “បំពេញយ៉ាងម៉ឺងម៉ាត់នូវភារកិច្ចដែលបានប្រគល់ឱ្យដោយបក្ស និងប្រជាជន”។
កងកម្លាំងរ៉ូកែត PLA ដែលមើលការខុសត្រូវលើមីស៊ីលធម្មតា និងនុយក្លេអ៊ែររបស់ប្រទេស មានភារកិច្ចធ្វើទំនើបកម្មកងកម្លាំងនុយក្លេអ៊ែររបស់ចិន ក្នុងការប្រឈមមុខនឹងការអភិវឌ្ឍទូទាំងពិភពលោក ដូចជាការពង្រឹងប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក សមត្ថភាពឃ្លាំមើលកាន់តែប្រសើរ និងការពង្រឹងសម្ព័ន្ធភាព។
លោកប្រធានាធិបតី Xi បានសង្កត់ធ្ងន់លើតម្រូវការដើម្បី “ប្រកាន់ខ្ជាប់នូវការណែនាំនយោបាយ ពង្រឹងការទទួលខុសត្រូវបេសកកម្ម” និង “លើកកម្ពស់ការអភិវឌ្ឍគុណភាពខ្ពស់នៃការសាងសង់កម្លាំង” នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយចិន។
កាលពីខែមុន ចិនបានបាញ់បង្ហោះមីស៊ីលអន្តរទ្វីប (ICBM) ដ៏កម្រមួយចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយគូសបញ្ជាក់ពីការបង្កើនការយកចិត្តទុកដាក់របស់អន្តរជាតិលើការបង្កើតនុយក្លេអ៊ែររបស់ប្រទេសនេះ៕


