កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរលោក Kim Jong-un បានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយហៅថាជា “ដើមចម” បង្កឲ្យមានអស្ថិរភាពរហូតមកដល់សព្វថ្ងៃនេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលផ្លូវការកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃអង្គារនេះថា លោក Kim បានអះអាងនៅក្នុងសុន្ទរកថាបើកចំហរមួយនៅឯពិព័រណ៍ការពារជាតិ។

រដ្ឋបាលរបស់លោកប្រធានាធិបតី Biden បាននិយាយដដែលៗថា ខ្លួនមិនមានចេតនាបង្កអរិភាពជាមួយកូរ៉េខាងជើងទេ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងរូបនេះបានប្រាប់ពិព័រណ៍ស្វ័យការពារឆ្នាំ២០២១ (Self-Defence 2021 exhibition) ថា លោកពិតជាចង់ដឹងណាស់ថា តើមានមនុស្ស ឬប្រទេសប៉ុន្មានដែលជឿសម្ដីរបស់សហរដ្ឋអាមេរិក។ យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA លោកបានបន្ថែមថា គ្មានមូលដ្ឋាននៅក្នុងសកម្មភាពរបស់ពួកគេដើម្បីឲ្យគេជឿជាក់ថា ខ្លួនពុំមានអរិភាពនោះទេ។ សុន្ទរកថារបស់លោក Kim បានកើតឡើង បន្ទាប់ពីកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបបាលីស្ទីកនាំផ្លូវរយៈចម្ងាយឆ្ងាយបាញ់ចេញរថភ្លើង ហើយជាអ្វីដែលខ្លួននិយាយថា ជាក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង៕
អត្ថបទ៖ សុខមាន