ក្រុមអ្នកជំនាញបានប្រាប់សារព័ត៌មាន AFP ថា ការសម្រេចចិត្តរបស់កូរ៉េខាងជើង ក្នុងការដាក់ពង្រាយទាហានរាប់ពាន់នាក់ទៅកាន់ជួរមុខរបស់អ៊ុយក្រែន ជាការពង្រឹងសម្ព័ន្ធភាពយោធាដ៏ចម្រូងចម្រាសរបស់ទីក្រុងព្យុងយ៉ាង ជាមួយទីក្រុងមូស្គូ ហើយទាញរុស្ស៊ី ឱ្យចូលកាន់តែជ្រៅទៅក្នុងសន្តិសុខឧបទ្វីបកូរ៉េ។
ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃសុក្រ (១៨ តុលា) ថា ទាហានកងកម្លាំងពិសេសកូរ៉េខាងជើង ប្រហែល ១.៥០០នាក់ កំពុងស្ថិតនៅរុស្សីរួចហើយ ដែលទំនងជានឹងទៅកាន់ជួរមុខក្នុងពេលឆាប់ៗនេះ ដោយមានទាហានរាប់ពាន់នាក់ទៀតគ្រោងនឹងចាកចេញបន្ថែម ដែលជាការដាក់ពង្រាយលើកដំបូងនៅក្រៅប្រទេសរបស់ទីក្រុងព្យុងយ៉ាង។
សកម្មភាពនេះបង្ហាញថា កិច្ចព្រមព្រៀងយោធាដែលបានចុះហត្ថលេខាដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមិថុនា ដែលរួមបញ្ចូលឃ្លាការពារទៅវិញទៅមក មិនមែនគ្រាន់តែសម្រាប់បង្ហាញឱ្យល្អមើលនោះទេ។ លោក ហុង មីន (Hong Min) អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិបានប្រាប់ AFP ថា៖ ការពិតដែលថាទាហានកូរ៉េខាងជើង នឹងប្រយុទ្ធរួមគ្នាជាមួយរុស្ស៊ី នៅអ៊ុយក្រែន បង្ហាញឱ្យឃើញថាកិច្ចព្រមព្រៀងលោក ពូទីន និងលោក គីម ពិតជា “រឹងមាំ” ប៉ុណ្ណា។
កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅតែមានភាពតានតឹង ខណៈជម្លោះឆ្នាំ ១៩៥០-១៩៥៣ ត្រូវបានបញ្ចប់ដោយបទឈប់បាញ់ តែមិនមែនជាកិច្ចព្រមព្រៀងសន្តិភាពទេ។ ខណៈពេលដែលលោក គីម បានបង្កើតឃ្លាំងអាវុធនុយក្លេអ៊ែរ ទីក្រុងសេអ៊ូល កំពុងតែខ្វះខាតអាវុធបែបនេះ។ ទោះយ៉ាងនេះក្ដី កូរ៉េខាងត្បូងត្រូវបានការពារដោយអ្វីដែលគេហៅថាឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ហើយទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន តែងតែធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា ដែលធ្វើឱ្យទីក្រុងព្យុងយ៉ាង ខឹងសម្បារ៕


