បណ្ដាមេដឹកនាំពិភពលោកជាង ២០រូប នឹងជួបប្រជុំគ្នានៅប្រទេសរុស្ស៊ី នៅសប្តាហ៍ក្រោយ សម្រាប់កិច្ចប្រជុំកំពូលនៃក្រុម ប្រ៊ីកស៍ (BRICS) ដែលជាសម្ព័ន្ធមិត្តនៃសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលវិមានក្រឹមឡាំង សង្ឃឹមថានឹងប្រកួតប្រជែងជាមួយ “អនុត្តរភាព” របស់លោកខាងលិច។
កិច្ចប្រជុំកំពូលនេះនឹងក្លាយជាជំនួបដ៏ធំបំផុតនៅរុស្ស៊ី ចាប់តាំងពីជម្លោះអ៊ុយក្រែនបានចាប់ផ្តើម ហើយនិងកើតឡើងនៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្វះស្វែងប្រឆាំងការប៉ុនប៉ងរបស់លោកខាងលិច ក្នុងការដាក់ទីក្រុងមូស្គូឱ្យនៅឯកោ ជុំវិញការវាយលុករយៈពេលពីរឆ្នាំកន្លះលើអ៊ុយក្រែន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) មេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស លូឡា ដាស៊ីលវ៉ា (Luis Inacio Lula da Silva) និងប្រធានាធិបតីទួរគី លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) គ្រោងនឹងចូលរួមព្រឹត្តិការណ៍នៅទីក្រុង កាហ្សាន (Kazan) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា។ រុស្ស៊ីនិយាយថា ខ្លួនរំពឹងថាលោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) ក៏នឹងចូលរួមផងដែរ។
ទីក្រុងមូស្គូ បានពង្រីកក្រុម BRICS ដែលជាពាក្យកាត់សម្រាប់សមាជិកស្នូលគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលជាសសរស្តម្ភនៃគោលនយោបាយការបរទេសរបស់ខ្លួន។ បញ្ហាចម្បងនៅក្នុងរបៀបវារៈរួមមាន គំនិតរបស់លោក ពូទីន សម្រាប់ប្រព័ន្ធទូទាត់ដែលដឹកនាំដោយ BRICS ដើម្បីប្រកួតប្រជែងជាមួយ SWIFT ដែលជាបណ្តាញហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាជម្លោះកាន់តែខ្លាំងក្លាឡើងនៅមជ្ឈិមបូព៌ា។
សហរដ្ឋអាមេរិក បានច្រានចោលគំនិតដែលថា BRICS អាចក្លាយជា “គូប្រជែងភូមិសាស្ត្រនយោបាយ” ប៉ុន្តែក៏បានសម្តែងក្ដីបារម្ភដែលទីក្រុងមូស្គូ ពង្រីកសាច់ដុំការទូតរបស់ខ្លួន ខណៈជម្លោះអ៊ុយក្រែននៅបន្តអូសបន្លាយ៕


