ក្រុមគ្រូពេទ្យនៅក្នុងដែនដីប៉ាឡេស្ទីនដែលត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៨៧ នាក់បានស្លាប់ ឬបាត់ខ្លួន និង៤០ នាក់បានរងរបួស បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលពេញមួយយប់នៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប ដែលជាផ្នែកនៃការវាយប្រហារជាថ្មីដ៏សាហាវរបស់ប្រទេសនេះ ទៅលើតំបន់នោះ។

យោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មនុស្សចំនួន១០៨នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនៅទូទាំងដែនដីមួយនេះ ។សុបិន្តអាក្រក់នៅហ្កាហ្សាកំពុងមានសភាពកាន់តែខ្លាំង។លោក តួ វ៉េនណេល្លង់ (Tor Wennesland) អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឈុតឆាកដ៏រន្ធត់កំពុងលេចឡើងនៅតំបន់ភាគខាងជើងស្របពេលមានការវាយប្រហាររបស់អ៊ីស្រាអែលឥតឈប់ឈរ និងវិបត្តិមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរឡើង។
លោកបានបន្ថែមថាគ្មានកន្លែងណាមានសុវត្ថិភាពទេនៅក្នុងដែនដីហ្កាហ្សាទេ យើងមើលឃើញគ្រួសារជាច្រើនកំពុងរងគ្រោះនៅហ្កាហ្សា ដោយសារអ៊ីស្រាអែល។ សង្គ្រាមត្រូវតែបញ្ឈប់ឥឡូវនេះ។
យោងតាមលោក រ៉ាហ៊ីម ឃើឌើរ (Raheem Kheder) ជាគ្រូពេទ្យម្នាក់ក្នុងតំបន់រងគ្រោះ បាននិយាយថា ការទម្លាក់គ្រាប់បែកកាលពីយប់ថ្ងៃសៅរ៍នៅទីក្រុងបេត ឡាហ៊ីយ៉ា (Beit Lahiya) បានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងប្លុកអគារអឹផាតមិនមួយ ដោយបានសម្លាប់សមាជិកគ្រួសារមួយចំនួន៕