អ៊ីរ៉ាក់៖ យោងតាមលទ្ធផលបឋមក្រុមមន្ត្រី និងអ្នកនាំពាក្យរបស់ចលនា Sadrist បាននិយាយថា គណបក្សរបស់លោក Moqtada al-Sadr មេដឹកនាំសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតគឺជាអ្នកឈ្នះ ដែលទទួលបានសំឡេងភាគច្រើនធំបំផុតនៅក្នុងការបោះឆ្នោតនៅអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ ដោយបង្កើនចំនួនអាសនៈដែលលោកមាននៅក្នុងសភា។

លទ្ធផលបឋមបានបង្ហាញថា អតីតនាយករដ្ឋមន្ត្រីលោក Nouri al-Maliki អាចឈ្នះសំឡេងភាគច្រើនបន្ទាប់ក្នុងចំណោមគណបក្សអ៊ីស្លាមនិកាយស៊ីអ៊ីត។ ក្រុមនិកាយស៊ីអ៊ីតរបស់អ៊ីរ៉ាក់បានគ្របដណ្ដប់លើរដ្ឋាភិបាល និងការបង្កើតរដ្ឋាភិបាលចាប់តាំងពីការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៣ ដែលបានផ្តួលរំលំរបបផ្តាច់ការអ៊ីស្លាមនិកាយស៊ុននីរបស់លោក Saddam Hussein និងបានធ្វើឱ្យប្រជាជនអ៊ីស្លាមនីកាយស៊ីអ៊ីតភាគច្រើន និងជនជាតិឃឺដកាន់អំណាច។
ការរាប់ផ្អែកលើលទ្ធផលបឋមពីបណ្ដាខេត្តមួយចំនួនរបស់អ៊ីរ៉ាក់បូកនឹងរដ្ឋធានីបាដាដ ដែលត្រូវបានផ្ទៀងផ្ទាត់ដោយក្រុមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានអះអាងថា លោក Sadr បានឈ្នះជាង ៧០អាសនៈ ប្រសិនបើមានការបញ្ជាក់នោះអាចផ្ដល់អំណាចគ្រប់គ្រាន់ឲ្យលោកក្នុងការបង្កើតរដ្ឋាភិបាលថ្មីបាន។ មន្ត្រីម្នាក់នៅគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសអ៊ីរ៉ាក់បាននិយាយថា លោក Sadr បានឈរលំដាប់លេខរៀងទី១ ប៉ុន្តែមិនបានបញ្ជាក់ភ្លាមៗថា តើគណបក្សរបស់លោកទទួលបានប៉ុន្មានអាសនៈនោះទេ៕
អត្ថបទ៖ សុខមាន