មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងតំបន់រមណីយដ្ឋានវិស្សមកាលដ៏ពេញនិយមនៅប្រជុំកោះ កាណារី (Canary) របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ (២០ តុលា) ប្រឆាំងនឹងកំណើនភ្ញៀវទេសចរដ៏ច្រើនលើសលប់ ដែលពួកគេនិយាយថាធ្វើឲ្យតម្លៃទីផ្សារលំនៅដ្ឋានក្នុងស្រុកឡើងខ្ពស់ពេក និងបង្កការលំបាកដល់អ្នកស្រុក។

នៅក្រោមពាក្យតវ៉ា “ប្រជុំកោះ កាណារី មានដែនកំណត់” អ្នកស្រុកបានធ្វើបាតុកម្មក្នុងពេលដំណាលគ្នានៅទូទាំងតំបន់កោះ ហ្គ្រាន កាណារីយ៉ា (Gran Canaria), ថេនើរីហ្វ (Tenerife), ឡា ប៉ាម៉ា (La Palma), ហ៊្វូអើតេវេនធូរ៉ា (Fuerteventura), ឡានហ្សារ៉ូតេ (Lanzarote) និង អ៊ែល វែរ៉ូ (El Hierro) ហើយបានអំពាវនាវឱ្យមានការផ្លាស់ប្តូរគំរូទេសចរណ៍សម្រាប់កោះទាំងនេះ។

នៅតំបន់ ផ្លាយ៉ា ដឺ ឡាស អាមេរិកា (Playa de las Americas) ក្នុងកោះ Tenerife ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅលើឆ្នេរ ខណៈពេលដែលអ្នកទេសចរកំពុងសម្រាកលំហែក្រោមពន្លឺព្រះអាទិត្យ ហើយស្រែកថា "ឆ្នេរនេះគឺជារបស់យើង"។
សកម្មជនបានអះអាងថា ការមកដល់នៃភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំធ្វើឲ្យបាត់បង់ធនធានធម្មជាតិដែលមានកម្រិត ដូចជាទឹក និងបំផ្លាញបរិស្ថានជាដើម។ រដ្ឋាភិបាលអេស្ប៉ាញបាននិយាយថា មនុស្សយ៉ាងតិច ៨.០០០នាក់បានចូលរួមក្នុងការតវ៉ានោះ។

យោងតាមវិទ្យាស្ថានស្ថិតិជាតិអេស្ប៉ាញ បានឱ្យដឹងថា នៅចន្លោះខែមករា និងខែកញ្ញា ភ្ញៀវទេសចរ ៩,៩លាននាក់ បានទៅកម្សាន្តនៅប្រជុំកោះកាណារី ដែលជាតួលេខ ១០,៣% ច្រើនជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ប្រជាជនសរុបក្នុងប្រជុំកោះនេះមានចំនួន ២,២លាននាក់ ប៉ុណ្ណោះកាលពីឆ្នាំមុន៕