មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា សភាជាតិរបស់ប្រទេសវៀតណាម នឹងចាប់ផ្តើមដំណើរការជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃចន្ទ (២១ តុលា) នេះ បន្ទាប់ពីការផ្លាស់ប្តូរអ្នកដឹកនាំជាបន្តបន្ទាប់បានធ្វើឱ្យរដ្ឋកុម្មុយនិស្តមួយនេះធ្លាក់ចូលទៅក្នុងរយៈពេលមិនធម្មតានៃចលាចលនយោបាយ។

អស់ជាច្រើនទស្សវត្សរ៍មកហើយនៅវៀតណាម ការផ្លាស់ប្តូរទាំងអស់ត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដោយសង្កត់ធ្ងន់លើស្ថិរភាព ប៉ុន្តែការបោសសម្អាតប្រឆាំងអំពើពុករលួយដ៏ធំចាប់តាំងពីឆ្នាំ២០២១មក បានធ្វើឱ្យឥស្សរជនកម្រិតខ្ពស់មួយចំនួន រួមទាំងប្រធានាធិបតីពីររូប និងឧបនាយករដ្ឋមន្ត្រីបីរូបផងដែរត្រូវដកតំណែង។

ប្រធានាធិបតីបច្ចុប្បន្ន លោក តូ ឡឹម (To Lam) ត្រូវបានតែងតាំងជាប្រធានបក្សកុម្មុយនិស្ត ដែលជាមេដឹកនាំកំពូលរបស់វៀតណាម កាលពីខែសីហា បន្ទាប់ពីមរណភាពរបស់អ្នកកាន់តំណែងពីមុនគឺលោក ង្វៀន ភូទ្រុង (Nguyen Phu Trong)។ លោក Trong ក៏ធ្លាប់បានកាន់តំណែងទាំងពីរក្នុងពេលតែមួយដែររវាងខែតុលា ឆ្នាំ២០១៨ និងខែមេសា ឆ្នាំ២០២១។

លោកស្រី ង្វៀន ថាញ់ហៃ (Nguyen Thanh Hai) ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យថា “គណៈកម្មាធិការមជ្ឈិមបក្សបានយល់ព្រមណែនាំអ្នកនយោបាយដែលមានលក្ខខណ្ឌសមស្រប ហើយនឹងដាក់ជូនសភាជាតិដើម្បីអនុម័តតួនាទីជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម”។
សូមបញ្ចាក់ថា រចនាសម្ព័នអ្នកដឹកនាំប្រទេសវៀតណាមានសសរស្តម្ភទាំងបួន រួមមាន ប្រធានបក្សកុម្មុយនិស្តកាន់អំណាច ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា៕