ប្រធានសភា លោក Mike Johnson បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតការលេចធ្លាយឯកសារស៊ើបការណ៍សម្ងាត់បំផុតចំនួន២ ដែលនិយាយអំពីការត្រៀមលក្ខណៈរបស់អ៊ីស្រាអែល សម្រាប់ការវាយប្រហារសងសឹកទៅលើប្រទេសអ៊ីរ៉ង់។

ឯកសារទាំងនេះ ទំនងជាត្រូវបានរៀបចំដោយទីភ្នាក់ងារស៊ើបការណ៍ភូមិសាស្ត្រជាតិ ដោយនិយាយអំពីការបកស្រាយរបស់សហរដ្ឋអាមេរិកចំពោះការរៀបចំផែនការរបស់កងទ័ពអាកាស និងកងទ័ពជើងទឹករបស់អ៊ីស្រាអែល ដោយផ្អែកលើរូបភាពផ្កាយរណប ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា។
ឯកសារបានចាប់ផ្តើមផ្សព្វផ្សាយកាលពីសប្តាហ៍មុននៅលើកម្មវិធីផ្ញើសារ Telegram ។ អ៊ីស្រាអែលបាននិងកំពុងរៀបចំផែនការក្នុងការឆ្លើយតបទៅនឹងរបាំងមីស៊ីលបាលីស្ទីក ធ្វើឡើងដោយអ៊ីរ៉ង់ កាលពីថ្ងៃទី១ ខែតុលា ជាការវាយប្រហារដោយផ្ទាល់លើកទីពីររបស់ខ្លួនទៅលើអ៊ីស្រាអែលក្នុងរយៈពេលប្រាំមួយខែកន្លងទៅនេះ។
អ៊ីស្រាអែល បានបង្កើនការវាយលុករបស់ខ្លួននៅតំបន់ហ្កាហ្សា និងលីបង់ ប៉ុន្មានថ្ងៃបន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា។
ដោយត្រូវបានសួរអំពីការបែកធ្លាយឯកសារក្នុងអំឡុងពេលសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Johnson សមាជិកសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយថា «ការស៊ើបអង្កេតកំពុងធ្វើឡើង ហើយលោកនឹងធ្វើសន្និសីទសារព័ត៌មានអំពីរឿងនេះ»។