លោកស្រី Kamala Harris ដែលបានឈានចូលដល់វគ្គចុងក្រោយពេញមួយខែនៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ចំណាយប្រាក់យ៉ាងច្រើនលើសលោក Donald Trump ខណៈបេក្ខជនប្រធានាធិបតីទាំងពីរបានដាក់ប្រាក់រាប់រយលានដុល្លារក្នុងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍មុនការបោះឆ្នោរថ្ងៃទី០៥ ខែវិច្ឆិកា នេះបើយោងតាមការលាតត្រដាងផ្នែកហិរញ្ញវត្ថុកាលពីថ្ងៃអាទិត្យ (២០ តុលា)។

អនុប្រធានគណបក្សប្រជាធិបតេយ្យ លោកស្រី Harris ទទួលបានការគាំទ្រហិរញ្ញវត្ថុយ៉ាងច្រើនចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងខែកក្កដា នៅពេលដែលលោកប្រធានាធិបតី Joe Biden បានបោះបង់បេក្ខភាព។ លោកស្រីបានបង្ហាញប្រាប់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធពីការចំណាយចំនួន ២៧០លានដុល្លារកាលពីខែកញ្ញា ដែលភាគច្រើនទៅលើការផ្សាយពាណិជ្ជកម្ម។

ការចំណាយលើការផ្សព្វផ្សាយស្រដៀងគ្នានេះរបស់អតីតប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Trump មានចំនួនសរុប ៧៨លានដុល្លារ ប៉ុណ្ណោះក្នុងកំឡុងខែដូចគ្នានេះ។ ទឹកប្រាក់ដែលរៃអង្គាសបានដ៏ច្រើនរបស់លោកស្រី Harris កំពុងជួយដល់ការផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍របស់យុទ្ធនាការខ្លួននៅប៉ុន្មានថ្ងៃចុងក្រោយមុនការបោះឆ្នោត ទោះបីជាវិធីសាស្រ្តនោះប្រហែលជាមិនធានាបានជ័យជម្នះក៏ដោយ។
យុទ្ធនាការទាំងពីរកំពុងប្រជែងគ្នាក្នុងការដណ្ដើមតំណែងប្រធានាធិបតីដ៏តឹងតែងបំផុត ដោយការស្ទង់មតិជាច្រើនបង្ហាញថាបេក្ខជនទាំងពីររូបតាមពីក្រោយគ្នាយ៉ាងប្រកៀកប្រកិត រួមទាំងរដ្ឋក្នុងប្រទាញប្រទង់ដែលអាចកំណត់អ្នកឈ្នះ៕