ប្រធានាធិបតីប្រទេសហ្សកហ្ស៊ី លោកស្រី Salome Zourabichvili បាននិយាយទៅកាន់មនុស្សរាប់ពាន់នាក់នៅក្នុងការប្រមូលផ្តុំគ្នាក្នុងរដ្ឋធានីរបស់ប្រទេសកាលពីថ្ងៃអាទិត្យ ដោយបានថ្លែងសារគាំទ្រសហភាពអឺរ៉ុបដ៏រឹងមាំ ប៉ុន្មានថ្ងៃមុនការបោះឆ្នោតសភាដែលមានភាពចម្រូងចម្រាស់យ៉ាងខ្លាំង។

លោកស្រី និយាយថា ប្រជាជនដែលបានមកប្រមូលផ្តុំគ្នានៅទីលានកណ្តាលទីក្រុង Tbilisi តំណាងឱ្យ «ប្រទេសហ្សកហ្ស៊ី សេរីភាព។
លោកស្រី Zourabichvili ជាអ្នកដែលបានជំរុញប្រជាជនឱ្យបោះឆ្នោតប្រឆាំងគណបក្សក្តីសុបិន្តហ្សកហ្ស៊ី(Georgian Dream) ជាគណបក្សកំពុងកាន់អំណាច បាននិយាយថា «សង្គម ប្រជាជន និងប្រជាជនហ្សកហ្ស៊ី នឹងចូលទៅកាន់អឺរ៉ុប»។

ការបោះឆ្នោតនៅថ្ងៃទី២៦ ខែតុលា ត្រូវបានមើលឃើញយ៉ាងទូលំទូលាយថា ជាការសាកល្បងថាតើប្រទេសហ្សកហ្ស៊ី ងាកទៅរកគន្លងរបស់រុស្ស៊ី ឬរក្សាទិសដៅគាំទ្រប្រទេសលោកខាងលិចរបស់ខ្លួន។ សហភាពអឺរ៉ុប កាលពីឆ្នាំមុនបានផ្តល់ឋានៈបេក្ខភាពដល់ប្រទេសហ្សកហ្ស៊ី ជាដំណាក់កាលដំបូងឆ្ពោះទៅរកសមាជិកភាព។ ប៉ុន្តែទំនាក់ទំនងកាន់តែធ្លាក់ចុះ ចាប់តាំងពីគណបក្សក្តីសុបិន្តហ្សកហ្ស៊ី(Georgian Dream) បានអនុម័តច្បាប់ «ភ្នាក់ងារបរទេស» កាលពីខែឧសភា ដែលក្រុមអ្នករិះគន់ និយាយថាជាភស្តុតាង ដែលកំពុងឆ្ពោះទៅរកប្រទេសរុស្ស៊ី។
ដោយមានទង់ជាតិសហភាពអឺរ៉ុប និងហ្សកហ្ស៊ី ប្រជាជនហ្សកហ្ស៊ី បានប្រមូលផ្តុំគ្នានៅទីលានសេរីភាព( Freedom Square) កាលពីថ្ងៃអាទិត្យ ដើម្បីគាំទ្រក្រុមប្រឆាំង គាំទ្រលោកខាងលិចសំខាន់ៗចំនួនបួន។