អាជ្ញាធរ បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់២នាក់ស្លាប់ និង៣៨នាក់ បានរងរបួស និងជិត៣០០នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទឹកជំនន់ដ៏គំហុកបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យជន់លិចផ្លូវ និងលំនៅឋានក្នុងទីក្រុង Roswell ជាទីក្រុងមួយនៅភាគអាគ្នេយ៍នៃរដ្ឋ New Mexico របស់សហរដ្ឋអាមេរិក។

ភ្លៀង បាននាំមកនូវការខូចខាតធ្ងន់ធ្ងរដល់លំនៅឋាន និងអាជីវកម្ម នៅក្នុងទីក្រុងដែលមានប្រជាជនជាង៩១.៧០០នាក់ ហើយអ្នកស្រុកជាច្រើន បានរាយការណ៍ថា ទឹកជំនន់បានហូរចូលលំនៅឋាន និងអគារជាច្រើនកន្លែង។
មន្ត្រីទីក្រុង Roswell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ លើបណ្តាញផ្សព្វផ្សាយសង្គមថា អ្នកបើកបរយានយន្តជាច្រើនបានជាប់គាំងខណៈរថយន្តរបស់ពួកគេស្ថិតក្នុងទឹកជំនន់ដ៏គំហុកនៅតាមដងផ្លូវជាច្រើនកន្លែង។ សេចក្តីថ្លែងការណ៍និយាយថា មនុស្សមួយចំនួនត្រូវរង់ចាំការជួយសង្គ្រោះនៅក្នុងយានយន្តរបស់ពួកគេក្នុងទឹកជំនន់ ខណៈរថយន្តមួយចំនួនត្រូវបានទឹកហូរនាំចូលទៅក្នុងដៃទន្លេ។

ឆ្មាំជាតិរបស់រដ្ឋ New Mexico បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានជួយសង្គ្រោះមនុស្សយ៉ាងហោចណាស់២៩០នាក់ពីទឹកជំនន់ ហើយយ៉ាងហោចណាស់មនុស្ស៣៨នាក់ក្នុងចំណោមអ្នកត្រូវបានជួយសង្គ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។