ព្យុះសង្ឃរា Oscar បានបោកបក់ដល់ដីគោក កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងប្រទេសគុយបា ជាកន្លែងដែលប្រជាជនកំពុងត្រៀមខ្លួនសម្រាប់ភាពវឹកវរ និងការព្រួយបារម្ភបន្ថែមទៀត ខណៈប្រទេសនេះជួបប្រទះការដាច់ចរន្តអគ្គិសនីស្ទើរតែនៅទូទាំងប្រទេស។

ការមកដល់នៃព្យុះសង្ឃរា Oscar បន្ទាប់ពីការដួលរលំនៃរោងចក្រអគ្គិសនីធំបំផុតរបស់ប្រទេសគុយបា ធ្វើឱ្យខូចបណ្តាញអគ្គិសនីជាតិទាំងមូល ដែលបានដាក់សម្ពាធលើប្រទេសមួយនេះ ខណៈកំពុងប្រយុទ្ធប្រឆាំងអតិផរណាហក់ឡើងខ្ពស់ កង្វះស្បៀង ឱសថ ប្រេងឥន្ធនៈ និងទឹក។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិរបស់សហរដ្ឋអាមេរិក បាននិយាយថាព្យុះសង្ឃរា Oscar ជាព្យុះប្រភេទទី១ បានបោកបក់ដល់ដីគោក នៅភាគខាងកើតប្រទេសគុយបា កាលពីម៉ោង ៥:៥០ល្ងាចម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ និយាយថា ព្យុះនេះកំពុងនាំយកល្បឿនខ្យល់អតិបរមាប្រមាណ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកំពុងធ្វើដំណើរទៅទិសខាងលិចក្នុងល្បឿន១១គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រធានាធិបតី លោក Diaz-Canel បាននិយាយថា អាជ្ញាធរនៅភាគខាងកើតប្រទេសដីកោះនេះ កំពុងធ្វើការយ៉ាងលំបាកដើម្បីការពារប្រជាជន និងធនធានសេដ្ឋកិច្ច ដោយសារការមកដល់នៃព្យុះ សង្ឃរា Oscar។