កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) បាននិយាយថា គ្រឿងចក្រឈូសឆាយរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរុះរើដោយចេតនានូវប៉មសង្កេតការណ៍ និងរបងបរិវេណនៃទីតាំងរបស់អង្គការសហប្រជាជាតិក្នុងទីក្រុង Marwahin ជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសលីបង់។

កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ(UNIFIL) និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ដោយក្រើនរំលឹកដល់កងកម្លាំងការពារជាតិអ៊ីស្រាអែល( IDF)និងភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេថា «ការបំពានលើទីតាំងរបស់អង្គការសហប្រជាជាតិ និងការធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់អង្គការសហប្រជាជាតិ គឺជាការរំលោភលើច្បាប់អន្តរជាតិ និងសេចក្តីសម្រេចលេខ ១៧០១ ដើម្បីធានាបានសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក និងទ្រព្យសម្បត្តិរបស់អង្គការសហប្រជាជាតិ ហើយត្រូវគោរពចំពោះការមិនបំពាននៅបរិវេណរបស់អង្គការសហប្រជាជាតិគ្រប់ពេលវេលា។

បេសកកម្មរបស់អង្គការសហប្រជាជាតិ បាននិយាយថាកងកម្លាំងការពាជាតិអ៊ីស្រាអែល(IDF) បានទាមទារដដែលៗឱ្យកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ(UNIFIL) ចាកចេញពីទីតាំងខ្លួននៅតាមបណ្តោយខ្សែបន្ទាត់ខៀវ។
កងកម្លាំង UNIFIL បានបញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ កងរក្សាសន្តិភាពនៅតែស្ថិតក្នុងគ្រប់ទីតាំងទាំងអស់ ហើយយើងនឹងបន្តអនុវត្តភារកិច្ចរបស់យើង។
កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារលើទីតាំងរបស់កងកម្លាំង UNIFIL នៅក្នុងប្រទេសលីបង់ ជាច្រើនដងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បណ្តាលឱ្យមានអ្នករងរបួសក្នុងចំណោមកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងបង្កឱ្យមានការរិះគន់ពីសហគមន៍អន្តរជាតិ។
ការវាយប្រហារនេះ បានកើតឡើងខណៈកងទ័ពអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា បាននិងកំពុងបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើប្រទេសលីបង់ ក្នុងជម្លោះរីកធំដ៏គ្រោះថ្នាក់ជាមួយក្រុមហេសបូឡា។