ភ្នំពេញ ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ស្ថិតនៅកំពង់ឆ្នាំង ត្រូវបានបិទបញ្ចប់នៅថ្ងៃទី ១២ខែតុលានេះ ខណៈពលរដ្ឋនៅសេសសល់អាចទៅទទួលការចាក់វ៉ាក់សាំង នៅទីតាំងសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ខែតុលានេះ បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ឆ្នាំង។
បើតាមប្រសាសន៍ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា គិតត្រឹមថ្ងៃបិទបញ្ចប់យុទ្ធនាការ ពលរដ្ឋអាយុ១៨ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំងកូវីដ នៅខេត្តកំពង់ឆ្នាំង មានចំនួន៣២ម៉ឺន ជាង៤ពាន់នាក់ នៃប្រជាជនសរុប៣២ម៉ឺន ជាង៧ពាន់នាក់ ខណៈពលរដ្ឋសេសសល់អាចទៅទទួលការចាក់វ៉ាក់សាំងនៅទីតាំងសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់។ក្រៅពីនេះ ឯកឧត្តម បានបង្ហាញពីស្ថានភាពជំងឺកូវីដ ក្រោយឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គឺមិនមានអ្នកឆ្លងច្រើននោះទេ។
លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងដែរថា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋ គោលដៅ១០លាននាក់ ដែលមានអាយុពី១៨ឆ្នាំឡើង នឹងសម្រេចបាននៅអំឡុងខែតុលានេះ។លើសពីនេះ លោកជំទាវ បានបញ្ជាក់ពី ករណីពលរដ្ឋមួយចំនួន ចង់ចាក់វ៉ាក់សាំងកូវីដដូសទី៣ ហើយបាត់កាត់ចាក់វ៉ាក់សាំង។
យោងតាមរបាយការណ៍របស់គណៈកម្មាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបង្ហាញថា គិតត្រឹមថ្ងៃទី១២ខែតុលានេះ រាជធានី-ខេត្តចំនួន២២ ហើយដែលបានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ខណៈខេត្តបីទៀត គ្រោងនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ ៕
អត្ថបទ ៖ ទូច សោភ័ណ



