រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយថា យោធាសហរដ្ឋអាមេរិក បានប្រញាប់ប្រញាល់ដាក់ប្រព័ន្ធប្រឆាំងមីស៊ីលដ៏ទំនើបរបស់ខ្លួនទៅកាន់ប្រទេសអ៊ីស្រាអែល ហើយឥឡូវនេះបាន "ដាក់រួចរាល់ហើយ”។ ប្រព័ន្ធការពារដែនអាកាសរយៈកម្ពស់ខ្ពស់មានសមត្ថភាពខ្លាំង ឬហៅថា ថាអាដ (THAAD) គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធការពារដែនអាកាសជាស្រទាប់របស់យោធាអាមេរិក និងបន្ថែមពីលើប្រព័ន្ធការពារប្រឆាំងមីស៊ីលដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលរួចទៅហើយ។

លោក Austin បាននិយាយទៅកាន់ក្រុមអ្នកយកព័ត៌មានមុនពេលទស្សនកិច្ចនៅអ៊ុយក្រែនថា៖ «ប្រព័ន្ធ THAAD បានដាក់រួចហើយ»។ លោកបានបដិសេធមិននិយាយថាតើប្រព័ន្ធនេះដំណើរការឬអត់ទេ ប៉ុន្តែបានបន្ថែមថា “យើងមានសមត្ថភាពក្នុងការដាក់ឱ្យដំណើរការបានយ៉ាងឆាប់រហ័ស ហើយកំពុងដំណើរការតាមការរំពឹងទុករបស់យើង”។

លោកប្រធានាធិបតី Joe Biden បាននិយាយថា ការដាក់ពង្រាយ THAAD រួមជាមួយនឹងទាហានអាមេរិកប្រហែល ១០០នាក់ គឺសំដៅជួយការពារអ៊ីស្រាអែល ដែលកំពុងថ្លឹងថ្លែងការសងសឹកដែលរំពឹងទុកប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានបាញ់មីស៊ីលជាង ១៨០គ្រាប់ទៅកាន់អ៊ីស្រាអែល កាលពីថ្ងៃទី០១ ខែតុលា។
ក្រុមមន្ត្រីបាននិយាយថា សហរដ្ឋអាមេរិក បាននឹងកំពុងជំរុញឱ្យអ៊ីស្រាអែល កែតម្រូវការឆ្លើយតបរបស់ខ្លួន ដើម្បីបញ្ចៀសការបង្កសង្គ្រាមកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា ដោយលោក Biden បានសម្តែងការប្រឆាំងជាសាធារណៈចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងក្ដីបារម្ភរបស់លោកពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ទីក្រុងតេអេរ៉ង់៕