ក្រុមជនអន្តោប្រវេសន៍ប្រហែល ២.០០០នាក់ បានចាកចេញពីព្រំដែនភាគខាងត្បូងនៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ (២០ តុលា) ដោយសង្ឃឹមថានឹងទៅដល់ភាគខាងជើងរបស់ប្រទេស ហើយអាចចូលទៅព្រំដែនសហរដ្ឋអាមេរិក ប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលអន្តោប្រវេសន៍គឺជាបញ្ហាសំខាន់។

ជនអន្តោប្រវេសន៍មួយចំនួនជឿថា រដ្ឋបាលថ្មីនៅអាមេរិក អាចបញ្ចប់ប្រព័ន្ធគ្រប់គ្រងសិទ្ធិជ្រកកោនអនឡាញហៅថា CBP One ដែលអាចរារាំងការជ្រកកោនរបស់ជនអន្តោប្រវេសន៍ដែលមិនឆ្លងកាត់ដំណើរការនេះ។ បញ្ហាកង្វះការងារនៅភាគខាងត្បូងម៉ិកស៊ិកដោយសាររលកថ្មីនៃជនបរទេសចូលមក និងភាពយឺតយ៉ាវក្នុងដំណើរការណាត់ជួបសិទ្ធិជ្រកកោននៅអាមេរិក បានជំរុញឱ្យក្រុមជនអន្តោប្រវេសន៍កាន់តែច្រើនចាកចេញពីតំបន់នេះកាលពីខែមុន។

ក្រុមដែលចាកចេញកាលពីថ្ងៃអាទិត្យនេះគឺជាក្រុមទីបី និងធំបំផុតចាប់តាំងពីរបស់ប្រធានាធិបតីម៉ិកស៊ិកថ្មី លោកស្រី ខ្លូឌា សេនបោម (Claudia Sheinbaum) ចាប់ផ្ដើមការគ្រប់គ្រង ដែលរហូតមកដល់ពេលនេះមិនមានការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍ដែលត្រូវបានបង្កើតឡើងដោយអ្នកកាន់តំណែងមុនរបស់លោកស្រីឡើយ។

កាលពីដើមខែតុលា ជនអន្តោប្រវេសន៍ក្រុមទី១ ចំនួន ៨០០នាក់ និងក្រុមទី២ ចំនួន ៦០០នាក់ បានចាកចេញពីតំបន់នេះទៅកាន់ព្រំដែន។ ក្រុមសកម្មជនប៉ាន់ប្រមាណថា បច្ចុប្បន្នជនអន្តោប្រវេសន៍ប្រហែល ៤០.០០០នាក់ កំពុងជាប់គាំងនៅភាគខាងត្បូងម៉ិកស៊ិក៕