ការស្ទង់មតិមួយនៅចុងសប្តាហ៍នេះបានបង្ហាញថា អត្រាគាំទ្ររបស់នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន លោក ស៊ីហ្កេរុ អ៊ីស៊ីបា (Shigeru Ishiba) បានធ្លាក់ចុះមុនការបោះឆ្នោតសកលនៅថ្ងៃទី២៧ ខែតុលា ជាមួយនឹងការស្ទង់មតិមួយផ្សេងទៀតបង្ហាញថា ក្រុមចម្រុះដែលកំពុងកាន់អំណាចអាចលំបាកក្នុងការទទួលបានសំឡេងភាគច្រើន។

អតីតរដ្ឋមន្ត្រីការពារជាតិ លោក Ishiba បានចូលកាន់តំណែងក្នុងខែតុលា បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកាន់អំណាចភាគច្រើននៃប្រវត្តិសាស្ត្រក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន។
ការស្ទង់មតិរបស់ ក្យូដូ ញូវស៍ (Kyodo News) នៅថ្ងៃទី១៩ តុលា និងថ្ងៃទី២០ តុលា បានបង្ហាញថា អត្រាគាំទ្របច្ចុប្បន្នសម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក Ishiba នៅត្រឹមតែ ៤១,៤%ប៉ុណ្ណោះ ដោយធ្លាក់ចុះពីតួលេខ ៤២% កាលពីមួយសប្តាហ៍មុននោះ។

ការស្ទង់មតិចុងសប្តាហ៍ដាច់ដោយឡែកពីគ្នាដោយសារព័ត៌មាន អាសាហ៊ី ស៊ីមប៊ុន (Asahi Shimbun) បានរកឃើញថា ការគាំទ្រសាធារណៈចំពោះគណៈរដ្ឋមន្ត្រីលោក Ishiba នៅត្រឹម ៣៣% ទល់នឹងការមិនគាំទ្រ ៣៩%។ សារព័ត៌មាននេះនិយាយថា ការស្ទង់មតិរបស់ខ្លួនបានបង្ហាញថាបក្ស LDP និងដៃគូចម្រុះ កូម៉ីតូ (Komeito) មានហានិភ័យនៃការបាត់បង់សំឡេងភាគច្រើនក្នុងការបោះឆ្នោតនាពេលខាងមុខ។
រឿងអាស្រូវរបស់សមាជិកសភាបក្ស LDP ដែលរួមផ្សំនឹងការមិនសប្បាយចិត្តរបស់អ្នកបោះឆ្នោតចំពោះការកើនឡើងថ្លៃចំណាយប្រចាំថ្ងៃ បានបណ្តាលឱ្យអត្រាគាំទ្ររបស់គណបក្សធ្លាក់ចុះក្នុងអំឡុងពេលកាន់តំណែងរបស់អតីតប្រធានបក្សកាន់អំណាចគឺលោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida)។
៕