ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយក្រុមការងារយុវជន ESEA កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅក្នុងខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
កម្មវិធីនេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងមានការចូលរួមពីសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី និងពលករជំនាញដែលកំពុងស្នាក់នៅសិក្សា និងធ្វើការនៅប្រទេសជប៉ុនចំនួនសរុបប្រមាណជាង ២០០នាក់។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្មវិធីខាងលើនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ដើម្បីជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ព្រមទាំងលើកស្ទួយថែរក្សាវប្បធម៌ទំនៀមទម្លាប់ដ៏ប្រពៃរបស់កម្ពុជា។
នៅក្នុងកម្មវិធីនេះដែរ ក៏មានរៀបចំនូវកម្មវិធីទៅតាមទំនៀមទម្លាប់សាសនា កម្មវិធីអាហារសាមគ្គី សកម្មភាពច្រូតស្រូវ និងដាល់អំបុក អកអំបុកសាមគ្គី និងការលេងល្បែងប្រជាប្រិយ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងរីករាយក្នុងនាមជាមហាគ្រួសារខ្មែរ៕







