អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានលើកឡើងថា ការពុំមានសុជីវធម៌ និងអាកប្បកិរិយាមិនសមរម្យរបស់លោកអតីតប្រធានាធិបតី Donald Trump នឹងក្លាយគុណវិបត្តិដែលធ្វើឱ្យលោកបរាជ័យដោយសារអ្នកបោះឆ្នោតមិនពេញចិត្ត ខណៈបេក្ខជនប្រធានាធិបតីទាំងពីររូបកំពុងស្ថិតក្នុងការប្រកួតប្រជែងដ៏តឹងតែង ដោយការបោះឆ្នោតនៅសល់តែជាង ១០ថ្ងៃទៀតប៉ុណ្ណោះ។

លោកស្រី Harris បាននិយាយនៅថ្ងៃអាទិត្យ (២០ តុលា) នៅក្នុងបទសម្ភាសន៍មួយថា “លោក Trump គ្មានគុណសម្បត្តិមួយនោះទេ ហើយនោះហើយជាមូលហេតុដែលលោកនឹងចាញ់ឆ្នោត”។ លោកស្រីបានលើកឡើងថា ប្រធានាធិបតីអាមេរិកទាំងអស់ “ត្រូវដើរចូលក្នុងវេទិកាពិភពលោកជាមួយនឹងសុជីវធម៌ និងគុណសម្បត្តិផ្ទាល់ខ្លួនទាំងឡាយដើម្បីនិយាយពីលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ” ហើយចាំបាច់ត្រូវអនុវត្តអាកប្បកិរិយា ក៏ដូចជាច្បាប់ និងបទដ្ឋាននានាឱ្យបានត្រឹមត្រូវ។

ការលើកឡើងរបស់លោកស្រី Harris នេះកើតឡើងបន្ទាប់ពី "ការអត្ថាធិប្បាយបែបមិនសមរម្យ" ដែលលោក Trump បានធ្វើនៅថ្ងៃអាទិត្យដដែលនោះ នៅក្នុងការប្រមូលផ្ដុំយុទ្ធនាការមួយនៅរដ្ឋ Pennsylvania ដែលក្នុងនោះ លោក Trump បាននិយាយលេងសើចបែបមិនសមរម្យទាក់ទងនឹងប្រដាប់ភេទបុរស។

ប្រធានសភាលោក ម៉ៃ ចនសុន (Mike Johnson) បានច្រានចោលការលើកឡើងរបស់លោក Trump ថាជា “ភាសាលេងសើចប៉ុណ្ណោះ” ដែលមិនគួររំខានអ្នកបោះឆ្នោតពីជំហរគោលនយោបាយរបស់លោកឡើយ។ សមាជិកសភាបក្សសាធារណរដ្ឋផ្សេងទៀតបានរិះគន់ការលើកឡើងនោះថា “លេងសើចជ្រុលហួសហេតុ”៕