សារព័ត៌មាន អាស៊ីអូស (Axios) បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២០ តុលា) ដោយដកស្រង់ប្រភពមន្ត្រីអាមេរិកពីរនាក់និងមន្ត្រីអ៊ីស្រាអែលពីរនាក់ថា អ៊ីស្រាអែល បានផ្តល់ឱ្យសហរដ្ឋអាមេរិក នូវឯកសារមួយកាលពីសប្តាហ៍មុន ជាមួយនឹងលក្ខខណ្ឌទាមទាររបស់ខ្លួនសម្រាប់ដំណោះស្រាយការទូតដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសលីបង់។

អ៊ីស្រាអែល បានទាមទារឱ្យកងកម្លាំងការពារ IDF របស់ខ្លួនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង “ការអនុវត្តយ៉ាងសកម្ម” ដើម្បីធ្វើឱ្យប្រាកដថា ក្រុមហេសបូឡា មិនបង្កើតក្រុម និងកសាងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនឡើងវិញនៅជិតព្រំដែន នេះបើយោងតាមការលើកឡើងរបស់មន្ត្រីអ៊ីស្រាអែលម្នាក់។

របាយការណ៍បន្ថែមថា អ៊ីស្រាអែលក៏ទាមទារឱ្យកងទ័ពអាកាសរបស់ខ្លួនមានសេរីភាពក្នុងប្រតិបត្តិការនៅក្នុងដែនអាកាសលីបង់។
មន្ត្រីអាមេរិកម្នាក់បានប្រាប់ Axios ថា លីបង់ និងសហគមន៍អន្តរជាតិ ទំនងជាមិនយល់ព្រមតាមលក្ខខណ្ឌរបស់អ៊ីស្រាអែលនោះទេ។

សេតវិមាន មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញរបាយការណ៍នេះបានឡើយ ហើយក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ៕