ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រមុខការទូតរបស់ប្រទេសកូរ៉េខាងជើង បានរិះគន់ក្រុមតាមដានការដាក់ទណ្ឌកម្មពហុភាគីថ្មីដែលដឹកនាំដោយសហរដ្ឋអាមេរិកថា «មិនត្រឹមត្រូវតាម ច្បាប់ និងខុសច្បាប់» ហើយបានព្រមានថា ប្រទេសដែលចូលរួម នឹងរងផលវិបាកដ៏ធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចយ ស៊ុនហ៊ុយ (Choi Sun-hui) បានចេញសេចក្តីថ្លែងការណ៍មួយដែលថ្កោលទោសរបបដាក់ទណ្ឌកម្មនេះ បន្ទាប់ពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ដំណើរការយន្តការត្រួតពិនិត្យជាមួយប្រទេសចំនួន ៨ ផ្សេងទៀត បន្ទាប់ពីការវេតូរបស់រុស្ស៊ី បានបញ្ចប់អាណត្តិនៃក្រុមត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ កាលពីខែមេសា។

ប្រទេសផ្សេងទៀតមាន បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ កាណាដា អូស្ត្រាលី និងនូវែលសេ ឡង់។
លោកស្រី បាននិយាយថា ក្រុមតាមដាននេះ គឺ «មិនត្រឹមត្រូវតាមច្បាប់ និងខុសច្បាប់» ហើយគឺ ជា«ការបដិសេធចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA)។
លោកស្រី ចយ បានបញ្ជាក់ថា៖«ប្រទេសដែលចូលរួមក្នុងយុទ្ធនាការលាបពណ៌ប្រឆាំងនឹងកូរ៉េខាងជើង នឹងរងផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់ទង្វើរបស់ពួកគេ»។