ក្រុមមន្រ្តីនិយាយថា កម្មករចំណាកស្រុក ៦នាក់ និងគ្រូពេទ្យម្នាក់ ត្រូវបានបាញ់សម្លាប់នៅតំបន់កាស្មៀ ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃអាទិត្យ ពេលដែលក្រុមជីវពលបើកការបាញ់រះលើការដ្ឋានសំណង់ផ្លូវក្រោមដីមួយកន្លែង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងនៅដែនដីមួយនេះ ។
សម្ព័ន្ធមិត្តប្រឆាំង បានឡើងកាន់អំណាចនៅក្នុងតំបន់កាស្មៀក្នុងខែនេះ ក្រោយឈ្នះការបោះឆ្នោតលើកដំបូងក្នុងរយៈពេល ១ទសវត្សរ៍ និងជាការបោះឆ្នោតលើកដំបូង ចាប់តាំងពីស្ថានការពិសេសរបស់ដែនដីមួយនេះ ត្រូវបានដកចេញ ហើយវាត្រូវបានបែងចែកជាដែនដីរដ្ឋបាលសហព័ន្ធចំនួនពី គឺតំបន់ Jammu and Kashmir និងតំបន់ Ladakh ។
ជនរងគ្រោះនៃការវាយប្រហារកាលពីថ្ងៃអាទិត្យ បានចូលរួមការងារសាងសង់ផ្លូវក្រោមដីតភ្ជាប់តំបន់យុទ្ធសាស្រ្ត Ladakh ដែលបែងចែកព្រំដែនជាមួយចិន និងប៉ាគីស្ថាន ។
មន្រ្តីនគរបាលជាន់ខ្ពស់មួយរូបដែលសុំមិនបញ្ចេញឈ្មោះ និយាយថា ជីវពលប្រដាប់អាវុធ ២នាក់ បានដើរចូលបរិវេនក្រុមហ៊ុនសំណង់ឯកជន រួចបាញ់រះលើកម្មករដែលកំពុងទទួលទានអាហារពេលល្ងាច ។ លោកបន្តថា កម្មករ ៦នាក់ និងគ្រូពេទ្យម្នាក់ ត្រូវបានសម្លាប់ ហើយមនុស្ស ៥នាក់ផ្សេងទៀត បានរងរបួសក្នុងការវាយប្រហារនេះ ។
សូមបញ្ជាក់ថា កម្មករចំណាកស្រុកដែលគេជួលឲ្យមកធ្វើចម្ការ ធ្វើស្រែ និងធ្វើការក្នុងការដ្ឋានសំណង់ក្នុងតំបន់កាស្មៀ កាលពីមុនធ្លាប់ក្លាយជាគោលដៅវាយប្រហារផងដែរ ដោយក្រុមជីវពលដែលមានគោលដៅបណ្តេញពួកគេចេញ ៕


