រថយន្តដឹកជំនួយមនុស្សធម៌ ធ្វើដំណើរចេញពីប្រទេសអ៊ីស្រាអែល ចូលទៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប កាត់តាមច្រកព្រំដែន Erez នាថ្ងៃចន្ទនេះ ស្របពេលដែលជម្លោះនៅបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។
នៅក្នុងលិខិតសម្ងាត់មួយទៅកាន់ក្រុមមន្រ្តីអ៊ីស្រាអែលកាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានទាមទាមឲ្យមានវិធានការរឹងមាំ ដើម្បីលើកឡើងពីស្ថានភាពមនុស្សធម៌ដ៏អាក្រក់បំផុតនៅក្នុងតំបន់ហ្កាហ្សា បើពុំដូច្នោះទេ ពួកគេនឹងប្រឈមការរឹតត្បិតជំនួយយោធាសហរដ្ឋអាមេរិក ។
យោងតាមការអះអាងរបស់អ៊ីស្រាអែល បានឲ្យដឹងថា ក្រុមជីវពលដឹកនាំដោយក្រុមហាម៉ាស់ចេញពីតំបន់ហ្កាហ្សា បានសម្លាប់មមនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥០នាក់ នៅក្នុងការវាយប្រហាររបស់ពួកគេកាលពីខែតុលា ឆ្នាំមុន ជាហេតុបង្កឲ្យផ្ទុះសង្រ្គាមនៅតំបន់ហ្កាហ្សា ។
ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា ការឆ្លើយតបរបស់យោធាអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៤២.៥០០នាក់ និងធ្វើឲ្យមនុស្សភាគច្រើនក្នុងចំណោមពលរដ្ឋ ២,៣លាននាក់ក្នុងតំបន់ហ្កាហ្សា គ្មានផ្ទះសម្បែងរស់នៅ ហើយវាបង្កឲ្យកើតមានភាពអត់ឃ្លានទ្រង់ទ្រាយធំ និងបំផ្លិចបំផ្លាញមន្ទីរពេទ្យ សាលារៀន គ្មានសេសសល់ ៕


