នៅថ្ងៃចន្ទនេះ ក្រសូងការពារជាតិកូរ៉េខាងត្បូង បានថ្កោលទោសអ្វីដែលពួកគេចាត់ទុកថាជាការជាប់ពាក់ព័ន្ធដោយខុសច្បាប់របស់កូរ៉េខាងជើងនៅអ៊ុយក្រែន ហើយពួកគេជំរុញឲ្យបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ ។
ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បាននិយាយកាលពីសប្តាហ៍មុនថា កូរ៉េខាងជើង បានបញ្ជូនកងកម្លាំងពិសេសចំនួន ១.៥០០នាក់ ទៅកាន់តំបន់បូព៌ារបស់រុស្ស៊ី សម្រាប់ការហ្វឹកហាត់ ហើយពួកគេទំនងជានឹងត្រូវដាក់ពង្រាយសម្រាប់ប្រយុទ្ធនៅក្នុងសង្រ្គាមអ៊ុយក្រែន ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចោទប្រកាន់ទីក្រុងព្យុងយ៉ាងពីការត្រៀមបញ្ជូនទាហាន ១ម៉ឺននាក់ទៅកាន់រុស្ស៊ី ហើយកាលពីថ្ងៃអាទិត្យ លោកបានអំពាវនាវឲ្យមានប្រតិកម្មខ្លាំងៗពីប្រទេសជាច្រើនដែលទទួលស្គាល់ការជាប់ពាក់ព័ន្ធកើនឡើងរបស់កូរ៉េខាងជើងនៅក្នុងសង្រ្គាមអ៊ុយក្រែន ។
ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំង បានច្រានចោលការពោលអះអាងរបស់កូរ៉េខាងត្បូង ថាកូរ៉េខាងជើង អាចនឹងបញ្ជូនយោធាទៅជួយរុស្ស៊ី ធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ។
ខណៈពេលនោះដែរ អនុរដ្ឋមន្ត្រីការបរទេសទី១របស់កូរ៉េខាងត្បូង លោក Kim Hong-kyun បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងសេអ៊ូល លោក Georgy Zinoviev ។
កាលពីថ្ងៃទី១០ ខែតុលា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា ការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការចូលរួមរបស់ទាហានកូរ៉េខាងជើង ក្នុងប្រតិបត្តិការយោធាពិសេស ហាក់ដូចជារឿងមិនពិតមួយផ្សេងទៀត ៕

