អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា នៅថ្ងៃចន្ទនេះ ចិនបានធ្វើការថ្កោលទោសការវាយប្រហារលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Mandalay ហើយនិងបានជំរុញឲ្យក្រុមអាជ្ញាធរមីយ៉ាន់ម៉ា ធ្វើយ៉ាងណាចាប់ឲ្យបានមេខ្លោងនៅពីក្រោយការវាយប្រហារនេះ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយប្រាប់សន្និសីទសារព័ត៌មានថា ចិនបានធ្វើការអំពាវនាវដល់អាជ្ញាធរនៅសហភាពមីយ៉ាន់ម៉ា ឲ្យបើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ និងធ្វើយ៉ាងណាដាក់ទោសឲ្យបានធ្ងន់ធ្ងរលើមេខ្លោងឈរនៅពីក្រោយការវាយប្រហារនេះ តាមផ្លូវច្បាប់ ។
ឧបទ្ទេវហេតុកាលពីថ្ងៃសុក្រសប្តាហ៍មុននៅស្ថានកុងស៊ុលចិន បានកើតមានឡើង បន្ទាប់ពីមានប្រតិកម្មប្រឆាំងចិននៅលើបណ្តាញព័ត៌មានសង្គមក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយសំពាធកាលពីពេលថ្មីៗនេះលើក្រុមឧទ្ទាមឲ្យបញ្ឈប់ការប្រយុទ្ធរបស់ពួកគេជាមួយរបបសឹក ។
ក្រុមមន្រ្តីនិយាយថា គ្មានគ្រោះថ្នាក់កើតឡើងនោះទេ ប៉ុន្តែអគារនៅក្នុងស្ថានកុងស៊ុលចិន រងការខូចខាតដោយសារឧបទ្ទេវហេតុនេះ ។
សហភាពមីយ៉ាន់ម៉ា ស្ថិតក្នុងភាពចលាចល ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១រហូតមក ពេលដែលយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលឈ្នះឆ្នោតនៅក្នុងរដ្ឋប្រហារ ៕

