ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងសេអ៊ូល លោក Georgy Zinoviev បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៅក្នុងក្រសួងការបរទេសកូរ៉េខាងត្បូងថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង មិនមានគោលដៅប្រឆាំងនឹងទីក្រុងសេអ៊ូលនោះទេ។
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«Zinoviev បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង ត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ហើយមិនមានគោលដៅប្រឆាំងនឹងផលប្រយោជន៍សន្តិសុខរបស់ប្រទេសកូរ៉េខាងត្បូងទេ។
មុននេះ អ្នកការទូតកូរ៉េខាងត្បូង បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសទី១ លោក Kim Hong Kyun បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី។ ស្ថានទូតបាននិយាយថា៖«ក្នុងអំឡុងពេលសន្ទនានោះ លោក Kim Hong Kyun បានគូសបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលកូរ៉េខាងត្បូងលើបញ្ហាបញ្ជូនទាហានកូរ៉េខាងជើង ទៅកាន់ទឹកដីនៃប្រទេសរុស្ស៊ី ដើម្បីចូលរួមបន្ថែមទៀត នៅក្នុងអរិភាពក្នុងប្រទេសអ៊ុយក្រែន”។ ទីក្រុងម៉ូស្គូ បានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់អំពីការបញ្ជូនទាហានកូរ៉េខាងជើងនេះ។
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា ជាពិសេសលោក Kim Hong Kyun បានព្រមានថា ទីក្រុងសេអ៊ូល រួមជាមួយនឹងសហគមន៍អន្តរជាតិនឹង «ឆ្លើយតបជាមួយនឹងវិធានការទាំងអស់ដែលអាចធ្វើទៅបាន ចំពោះសកម្មភាពទាំងឡាយដែលបង្កការគំរាមកំហែងដល់ផលប្រយោជន៍សន្តិសុខសំខាន់ របស់ខ្លួន»។

