ក្រុមឆ្មាំល្បាតឆ្នេរ និយាយថា ជនអន្តោប្រវេសន៍ជាង ២៣០នាក់ ត្រូវបានសង្រ្គោះចេញពីទូកឈើមួយគ្រឿងកាលពីថ្ងៃអាទិត្យនៅក្នុងសមុទ្រជិតប្រជុំកោះ Canary របស់អេស្ប៉ាញ ។
ស្រ្តី ១៤នាក់ និងក្មេងៗ ៣នាក់ ត្រូវបានរកឃើញនៅក្នុងទូកតែមួយដែលមានមនុស្សសរុប ២៣១នាក់ ។
សេវាកម្មសង្រ្គោះបន្ទាន់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាគឺជាចំនួនមនុស្សច្រើនបំផុតដែលត្រូវបានសង្រ្គោះចេញពីទូកនៅជិតប្រជុំកោះ Gran Canaria ។
ឆ្មាំល្បាតឆ្នេរអេស្ប៉ាញ បានសណ្តោងទូកឈើមួយគ្រឿងនេះ ពេលដែលពួកគេប្រទះឃើញជនអន្តោប្រវេសន៍នៅជិតកំពង់ផែប្រជុំកោះ Gran Canaria ។
សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍ ៣២.៨៧៨នាក់ បានធ្វើដំណើរតាមផ្លូវសមុទ្រដ៏គ្រោះថ្នាក់តាមទូកតូចៗ ចេញពីអាហ្វ្រិកខាងលិច ឆ្ពោះទៅកាន់ប្រជុំកោះ Canary ចន្លោះខែមករា និងថ្ងៃទី ១៥ ខែតុលា ពោលគឺកើនឡើងចំនួន ៣៩,៧ភាគរយ ពីរយៈពេលតែមួយកាលពីឆ្នាំមុន ។
ផ្លូវទឹកតាមមហាសមុទ្រអាត្លង់ទិកមកកាន់ប្រជុំកោះ Canary ត្រូវបានគេមើលឃើញកំណើនយ៉ាងឆាប់រហ័សបំផុតនៃការធ្វើអន្តោប្រវេសន៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាវាស្ថិតក្នុងកម្រិតទាបជាងផ្លូវទឹកនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ទៅកាន់ប្រទេសអ៊ីតាលីក៏ដោយ ៕

