ក្រុមមន្រ្តីអ៊ុយក្រែន និយាយនៅថ្ងៃចន្ទនេះថា រុស្ស៊ី បានវាយប្រហារដ្ឋធានីគីវ ដោយប្រើប្រាស់យានដ្រូនសម្រាប់យប់ទី ២ជាប់ៗគ្នា ធ្វើឲ្យខូចខាតអគាររស់នៅអ្នកស្រុក និងធ្វើឲ្យជនស៊ីវិលម្នាក់ រងរបួស ។
យោធាអ៊ុយក្រែន និយាយថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់យានដ្រូន ៥៩គ្រឿង ក្នុងចំណោមយានដ្រូន ១១៦គ្រឿងដែលបានបាញ់បង្ហោះកាលពីយប់មិញ ។ យោធា បាត់បង់ដានរបស់យានដ្រូន ៤៥គ្រឿងដែលទំនងជាធ្លាក់ក្នុងទឹកដីអ៊ុយក្រែន ។
លោក Serhiy Popko គឺជាប្រធានរដ្ឋបាលយោធាទីក្រុងគីវ និយាយថា យានដ្រូនប្រហែល ១០គ្រឿង វាយប្រហារគោលដៅ ហើយយានដ្រូនដែលហោះចេញមកពីទិសផ្សេងៗគ្នា ត្រូវបានបំផ្លាញ ។
លោកបន្តថា គ្មានយានដ្រូនណាមួយវាយប្រហារចំគោលដៅនោះទេ ខណៈបំណែកធ្លាក់របស់វា បណ្តាលឲ្យបុរសម្នាក់ រងរបួស ។
អភិបាលក្រុងគីវលោក Vitali Klitschko និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា បំណែកយានដ្រូន បានធ្លាក់លើខណ្ឌចំនួន ៣របស់ទីក្រុងគីវ បណ្តាលឲ្យខូចខាតដំបូលអគាររស់នៅជាច្រើនខ្នង និងខ្សែភ្លើង ។
ការវាយប្រហារនេះ បានកើតមានឡើង បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ និងទីក្រុងផ្សេងទៀតកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឲ្យមនុស្ស ១៧នាក់ រងរបួសនៅភាគកណ្តាលរដ្ឋធានីអ៊ុយក្រែនមួយនេះ ៕

