អំឡុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Al Arabiya ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump សន្យាសម្រេចឲ្យបានសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា បើសិនជាលោកឈ្នះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ និយាយថា បើសិនជាលោកជាប្រធានាធិបតី សង្រ្គាមនោះនឹងមិនចាប់ផ្តើមនោះទេ ។ អ្នកនឹងគ្មានមនុស្សស្លាប់ទាំងអស់នោះឡើយ គ្រាន់តែកម្ទេចទីក្រុង និងតំបន់បានហើយ អ្នកនឹងគ្មានថ្ងៃទី ៧ ខែតុលានោះទេ ។
លោក Trumpបាននិយាយកាលពីថ្ងៃសុក្រថា ការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar ធ្វើឲ្យទស្សនវិស័យសន្តិភាពកាន់តែងាយស្រួលនៅតំបន់ហ្កាហ្សា ។
លោក Sinwar វ័យ ៦២ឆ្នាំ ដែលជាមេខ្លោងនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែលនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ។
ពេលនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋ Philadelphia កាលពីថ្ងៃអាទិត្យ លោក Trumpនិយាយថា លោកមាននូវការជជែកគ្នាតាមទូរស័ព្ទដ៏ល្អជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃសៅរ៍ ៕

