អ្នកស្រុក និងក្រុមគ្រូពេទ្យបាននិយាយថា កងកម្លាំងយោធាអ៊ីស្រាអែល បានឡោមព័ទ្ធមន្ទីរពេទ្យ និងទីជម្រកសម្រាប់ជនភៀសខ្លួននៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ (២១ តុលា) ខណៈពួកគេបានបង្កើនប្រតិបត្តិការយ៉ាងខ្លាំងក្លា ដោយរារាំងជំនួយសំខាន់ៗមិនឱ្យទៅដល់ជនស៊ីវិល និងសម្លាប់មនុស្សរាប់សិបនាក់។

អ្នកស្រុកនិយាយថា កងទ័ពបានឃាត់ខ្លួនបុរស និងបញ្ជាឱ្យស្ត្រីចាកចេញពីជំរំជនភៀសខ្លួនប្រវត្តិសាស្ត្រ ចាបាលីយ៉ា (Jabalia)។ ជាមួយគ្នានេះ ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បាននិយាយថា អាជ្ញាធរអ៊ីស្រាអែលកំពុងរារាំងបេសកកម្មមនុស្សធម៌មិនឱ្យទៅដល់តំបន់ភាគខាងជើងនៃតំបន់ប៉ាឡេស្ទីននេះ ជាមួយនឹងការផ្គត់ផ្គង់សំខាន់ៗត្រូវបានរំខាន រួមទាំងថ្នាំពេទ្យ និងអាហារផងដែរ។

ប្រមុខ UNRWA លោក ហ្វីលីប ឡាហ្សារីនី (Philippe Lazzarini) បានបង្ហោះលើបណ្ដាញសង្គម X ថា “មនុស្សម្នាដែលព្យាយាមរត់គេចខ្លួនត្រូវបានសម្លាប់ ហើយសាកសពពួកគេនៅរ៉ាយប៉ាយពាសពេញផ្លូវ”។ មន្ត្រីសុខាភិបាលប៉ាឡេស្ទីននិយាយថា មនុស្សយ៉ាងហោចណាស់ ១៨នាក់ ត្រូវបានសម្លាប់នៅជំរំ ចាបាលីយ៉ា និង ៨នាក់ទៀតនៅក្រុងហ្កាហ្សា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល រួមទាំងមនុស្សជាច្រើននៅទីតាំងផ្សេងទៀត។

យោធាអ៊ីស្រាអែលលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពរបស់ខ្លួនបានរុះរើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវរូងក្រោមដី ហើយអះអាងថាខ្លួនសម្លាប់យុទ្ធជននៅក្នុងតំបន់ ចាបាលីយ៉ា ដោយបន្ថែមថា កងទ័ពបានជួយជនស៊ីវិលរាប់ពាន់នាក់ឱ្យជម្លៀសដោយសុវត្ថិភាពតាមរយៈផ្លូវដែលបានរៀបចំ ដោយនេះផ្ទុយនឹងរបាយការណ៍ពីទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ៕