រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃចន្ទ (២១ តុលា) ថា ប្រទេសឥណ្ឌា និងប្រទេសចិន បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការល្បាតព្រំដែនដែលមានជម្លោះរបស់ពួកគេដើម្បីបញ្ចប់ភាពជាប់គាំងផ្នែកយោធារយៈពេល ៤ឆ្នាំ ដោយត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងទំនាក់ទំនងនយោបាយ និងពាណិជ្ជកម្មរវាងប្រទេសអាស៊ីដ៏ធំទាំងពីរ។

ក្រុមមន្ត្រីឥណ្ឌានិយាយថា ដំណឹងនេះបានកើតឡើងនៅមុនថ្ងៃនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) ទៅកាន់ប្រទេសរុស្ស៊ី សម្រាប់កិច្ចប្រជុំកំពូល BRICS ពីថ្ងៃទី២២ នេះដល់ថ្ងៃទី២៤ ខែតុលា ដែលលោកអាចនឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចៃសានកា (Subrahmanyam Jaishankar) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការល្បាត ហើយភាពតានតឹងព្រំដែនជាមួយចិន ត្រូវបានបញ្ចប់”។ មន្ត្រីយោធាជាន់ខ្ពស់ឥណ្ឌាម្នាក់ដែលដឹងពីសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងនោះបានប្រាប់សារព័ត៌មានរ៉យទ័រថា៖ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា យោធាទាំងពីរនឹងដើរល្បាតតាមទីតាំងមានជម្លោះនៅតាមព្រំដែននោះ តាមកាលវិភាគដែលបានព្រមព្រៀង។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក និងជាមហាអំណាចនុយក្លេអ៊ែរទាំងពីរ មានភាពរកាំរកូសចាប់តាំងពីការប៉ះទង្គិចគ្នារវាងកងទ័ពរបស់ពួកគេនៅលើព្រំដែនដែលបែងចែកមិនដាច់ភាគច្រើននៅតំបន់ហិម៉ាឡៃភាគខាងលិច ដែលនៅពេលនោះបានធ្វើឱ្យទាហានឥណ្ឌា ២០នាក់ និងចិន ៤នាក់ បានស្លាប់ ក្នុងឆ្នាំ២០២០៕