អាជ្ញាធរចិនបាននិយាយថា ពួកគេនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃអង្គារ (២២ តុលា) នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីនាវាចម្បាំងអាមេរិក និងកាណាដា បានឆ្លងកាត់តំបន់នោះ ហើយបន្ទាប់ពីសមយុទ្ធយោធាទ្រង់ទ្រាយធំថ្មីៗនេះដោយទីក្រុងប៉េកាំង។

រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ (MSA) នៅទីក្រុង ភីងថាន (Pingtan) ភាគអាគ្នេយ៍បានប្រកាសនៅថ្ងៃទីចន្ទថា “សមយុទ្ធបាញ់កាំភ្លើងគ្រាប់ពិតនោះ” នឹងកើតឡើងនៅក្នុងតំបន់កំណត់ នៅជិតឆ្នេរសមុទ្រចិនដីគោកនិងប្រហែល ១០៥គីឡូម៉ែត្រ ពីកោះស្វ័យគ្រប់គ្រងតៃវ៉ាន់។

បក្សកុម្មុយនិស្តចិន មិនដែលគ្រប់គ្រងកោះនេះទេ ប៉ុន្តែខ្លួនបានអះអាងសិទ្ធិលើតៃវ៉ាន់ ថាជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយនិយាយថានឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីនាំកោះមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។

សេចក្តីថ្លែងការណ៍របស់រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ MSA នេះបានបញ្ជាក់ថា នាវានឹងត្រូវបាន “ហាមឃាត់” មិនឱ្យចូលទៅក្នុងតំបន់ហ្វឹកហ្វឺន ដែលកំណត់ដោយកូអរដោនេ ជីភីអេស (GPS) និងគ្របដណ្តប់ប្រហែល ១៥០គីឡូម៉ែត្រក្រឡា សម្រាប់រយៈពេល ៤ម៉ោងចាប់ពីម៉ោង ៩:០០ព្រឹក (ម៉ោងក្នុងស្រុក)។
កាលពីចុងសប្តាហ៍កន្លងទៅ នាវាចម្បាំងអាមេរិក និងកាណាដា បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ប្រវែង ១៨០គីឡូម៉ែត្រ ដែលជាផ្នែកនៃការឆ្លងកាត់ជាទៀងទាត់ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីពង្រឹងឋានៈដែនទឹកនោះជាផ្លូវទឹកអន្តរជាតិ ហើយត្រូវបានចិន មើលឃើញថាជាការបង្កហេតុ៕