រយៈពេលជិតបីឆ្នាំបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គេបានមើលឃើញទីក្រុងមូស្គូត្រូវបានថ្កោលទោសពីបណ្តាប្រទេសនានាទូទាំងពិភពលោក ប៉ុន្តែតាមរយៈកិច្ចប្រជុំកំពូលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់២៤តុលាសប្ដាហ៍នេះ ដែលមេដឹកនាំរុស្ស៊ី លោក Vladimir Putin កំពុងធ្វើជាម្ចាស់ផ្ទះដោយមានការចូលរួមពីបណ្ដាមេដឹកនាំពិភពលោករាប់សិបរូប ជាសញ្ញាបង្ហាញថាសម្ពាធលោកខាងលិចលើលោក Putin ឥតប្រយោជន៍ ហើយប្រទេសនេះពុំបានធ្លាក់ក្នុងភាពឯកាឡើយ ដោយមានក្រុមប្រទេសចម្រុះកំពុងឈរនៅពីក្រោយ។

កិច្ចប្រជុំកំពូល BRICS នៅទីក្រុង កាហ្សាន (Kazan) ភាគនិរតីនៃប្រទេសរុស្ស៊ី គឺជាជំនួបដ៏ធំលើកដំបូងនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ចាប់តាំងពីក្រុមប្រទេសនេះបានពង្រីកខ្លួននៅដើមឆ្នាំនេះ ដោយមានប្រទេសមួយចំនួនទៀតបានចូលរួម មាន អេហ្ស៊ីប អារ៉ាប់រួម អេត្យូពី និងអ៊ីរ៉ង់។
រហូតមកដល់ពេលនេះ ការប្រមូលផ្ដុំជាអន្តរជាតិដ៏ធំបំផុតដែលប្រធានាធិបតីរុស្ស៊ីបានរៀបចំចាប់តាំងពីការចាប់ផ្តើមសង្រ្គាមកាលពីខែកុម្ភៈឆ្នាំ២០២២ ការជួបជុំនៃប្រទេស BRICS និងប្រទេសដទៃទៀតនៅសប្តាហ៍នេះបង្ហាញពីការប្រមូលផ្តុំប្រទេសកាន់តែច្រើន ដែលសង្ឃឹមថានឹងមើលឃើញការផ្លាស់ប្តូរក្នុងតុល្យភាពអំណាចពិភពលោក និងក្នុងករណីមួយចំនួន ដូចជាទីក្រុងមូស្គូ ប៉េកាំង និងតេអេរ៉ង់ ប្រឆាំងដោយផ្ទាល់ជាមួយលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក។

លោក Putin និងដៃគូជិតស្និទ្ធ និងជាមេដឹកនាំប្រទេស BRICS ដ៏មានឥទ្ធិពលបំផុត គឺលោក Xi នឹងជួបគ្នាដែរនៅសប្ដាហ៍នេះ។ ប្រទេសរុស្ស៊ីដែលរួបរឹតដោយទណ្ឌកម្មលោកខាងលិច ត្រូវបានគេរំពឹងថា នឹងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូល BRICS ទទួលយកជម្រើសជំនួសប្រាក់ដុល្លារសម្រាប់ការទូទាត់ជាសកល៕