បាល់ទាត់៖ អ្នកចាំទី Real Madrid និងក្រុមជំរើសជាតិប៊ែលហ្ស៊ិក Thibaut Courtois បានចេញមុខរិះគន់ចំៗទៅលើសមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA ថា គិតតែពីរឿងលុយ ចាត់ទុកកីឡាករដូចជាមនុស្សយន្ត។ កីឡាករវ័យ ២៩ឆ្នាំរូបនេះបានចូលលេងទាំង ២ប្រកួតរបស់ក្រុមប៊ែលហ្ស៊ិកកាលពីសប្តាហ៍នៅពានរង្វាន់ UEFA Nations League។

អតីតអ្នកចាំទីតោខៀវ Chelsea រូបនេះបាននិយាយប្រាប់សារព័ត៌មាន Sky Sports ថា ការប្រកួតទាំងនេះសុទ្ធតែដើម្បីលុយ UEFA មិនខ្វល់ពីកីឡាករឡើយ ខ្វល់តែពីរឿងរកលុយបន្ថែម មានការប្រកួតច្រើននៅលើទូរទស្សន៍។ ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard និង Romelu Lukaku មិនមានវត្តមានឡើយក្នុងការប្រកួតយកលេខ៣ កាលពីថ្ងៃអាទិត្យដែលអ៊ីតាលីយកឈ្នះ ២-១ បន្ទាប់ពីកីឡាករទាំងពីរនាក់មានបញ្ហារបួសសាច់ដុំ។ Courtois បានបន្តទៀតថា កន្លងមក UEFA ធ្លាប់ខឹងនឹងរឿងបង្កើតពាន Super League ដោយសារតែជាការប្រកួតដើម្បីតែលុយ ចុះពេលនេះ UEFA មានដែលគិតពីកីឡាករទេ ការបង្កើតពាន និងកាលវិភាគប្រកួតដ៏មមាញឹកបែបនេះមិនមែនដើម្បីលុយទេ? មកដល់ពេលនេះគេមិនទាន់ឃើញប្រតិកម្មពី UEFA នៅឡើយជុំវិញការរិះគន់យ៉ាងបើកចំហរនេះ៕
អត្ថបទ៖នាង សុភាវុធ