ភ្នំពេញ៖ នៅថ្ងៃទី២៦ និង២៧ ខែតុលាខាងមុខនេះ ព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងត្រូវរៀបចំឡើងនៅអគារពិព័រណ៍កោះពេជ្រ។ ជាមួយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរម្លឹកដល់យុវជន និងអ្នកស្វែងរកការងារទាំងអស់ ដែលមានបំណងចង់ដាក់ពាក្យបំពេញការងារ សូមត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់នៅនឹងកន្លែងកម្មវិធីតែម្តង។
យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែតុលានេះ បានលើកឡើងថា ពិព័រណ៍ការងារនេះ នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសម្បូរបែបជាង ៣ម៉ឺនកន្លែង។
លោក ហេង ថាវី ជំនួយការប្រធានគុណភាព និងសុវត្ថិភាព និងបរិស្ថាន នៃអាកាសយានដ្ឋានកម្ពុជា បាននិយាយថា ក្រុមហ៊ុនបានត្រៀមរួចជាស្រេចដើម្បីចូលរួម នឹងនាំយកឱកាសការងារជាច្រើនកន្លែងដល់សិស្សនិស្សិត និងសាធារណៈជន ដែលនឹងចូលរួមព្រឹត្តការណ៍ថ្ងៃខាងមុខនេះ។ លោកបន្ថែមថា ក្រុមហ៊ុនតែងតែចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិនេះគឺដោយសារការចូលរួមពិព័រណ៍នេះ អាចឲ្យក្រុមហ៊ុនជ្រើសរើសបុគ្គលិកបានទាន់ពេលវេលា និងប្រកបដោយគុណភាព។
ក្រសួងការងារ បានបញ្ជាក់បន្ថែមថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http:/careerfair.nea.gov.kh/៕




