អ្នកនាំពាក្យការិយាល័យប្រធានាធិបតីរុស្ស៊ី និយាយថា កិច្ចសហប្រតិបត្តិការរបស់ប្រទេសរុស្ស៊ី ជាមួយប្រទេសកូរ៉េខាងជើង ពុំនាំទៅរកការប្រឆាំងប្រទេសទីបីឡើយ ក្នុងពេលមានការរំពឹងទុកថា ទាហានកូរ៉េខាងជើង អាចនឹងត្រូវបានដាក់ពង្រាយក្នុងជម្លោះនៅអ៊ុយក្រែន។

លោក Dmitry Peskov បាននិយាយដូច្នេះកាលពីថ្ងៃចន្ទ ដោយលោកនិយាយបន្ថែមថា កិច្ចសហប្រតិបត្តិការទ្វេភាគី នឹងមិនបង្កឱ្យមានការព្រួយបារម្ភអ្វីឡើយ ហើយប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការរបស់ខ្លួន។

កាលពីថ្ងៃសុក្រសប្តាហ៍មុន អង្គភាពសេវាស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ទាហានកងកម្លាំងពិសេសប្រមាណ ១.៥០០នាក់មកពីប្រទេសកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅកាន់តំបន់ចុងបូព៌ារបស់រុស្ស៊ី។ អង្គភាពនេះ បាននិយាយថា ខ្លួនជឿថាទាហាននឹងត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិក្នុងប្រទេសអ៊ុយក្រែន។
ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា លោកមិនអាចបញ្ជាក់ពីរបាយការណ៍ដែលថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពទៅកាន់ប្រទេសរុស្ស៊ី នោះទេ។
លោក Peskov ពុំបានធ្វើអត្ថាធិប្បាយលម្អិតអំពីវត្តមានរបស់ទាហានកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី ទេ។ អ្នកនាំពាក្យរូបនេះ គ្រាន់តែនិយាយថា លោកបានឃើញព័ត៌មានដ៏ចម្រូងចម្រាសជាច្រើន ដោយកូរ៉េខាងត្បូង បានអះអាងអំពីរឿងមួយនេះ ខណៈមន្ទីរបញ្ចកោណ និយាយថា ខ្លួនមិនបានបញ្ជាក់ពីរបាយការណ៍បែបនេះឡើយ។
អនុរដ្ឋមន្ត្រីការបរទេសទី១ របស់កូរ៉េខាងត្បូង លោក Kim Hong-kyun កាលពីថ្ងៃចន្ទ បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងសេអ៊ូល លោក Georgy Zinoviev និងបានទទូច កុំឱ្យបញ្ជូនទាហានកូរ៉េខាងជើង ទៅកាន់អ៊ុយក្រែន។
កូរ៉េខាងត្បូង រួមជាមួយនឹងសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងការប្រុងប្រយត្ន័ខ្ពស់ ចំពោះចំណាត់ការរបស់រុស្ស៊ី និងកូរ៉េខាងជើង។