ប៉ៃលិន ៖ អាជ្ញាធរខេត្តប៉ៃលិន កំពុងស្វះស្វែងរកស្ត្រីម្នាក់ ដែលត្រូវបានជំនន់ទឹកភ្លៀងហូរកួចយកទៅបាត់ ពីរបី ថ្ងៃហើយ ខណៈពេលកំពុងឆ្លងអូរព្រំដែនត្រលប់មកពីប្រទេសថៃជាមួយនឹងពលករខ្មែរមួយចំនួនទៀត។
កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា នេះ ត្រង់ចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ពលករឆ្លងដែន មានគ្នា៣នាក់ ត្រូវជាម្តាយ ឪពុក កូននឹងគ្នា បានព្យាយាមឆ្លងអូរឆ្លងព្រំដែនពីប្រទេសថៃមកកម្ពុជាវិញ តែបានជួបនឹងហេតុការណ៍ អាក្រក់ ដោយត្រូវជំនន់ទឹកភ្លៀងហូរកួចយកទៅបាត់ មិនទាន់រកឃើញនៅឡើយទេ ដោយសារស្ថានភាព អូរនៅព្រំដែន មានព្រៃច្រើន និងសម្បូរទៅដោយគ្រាប់មីន។
ស្ត្រីរងគ្រោះ ឈ្មោះ សេង ស្រីម៉ៅ អាយុ ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ។ កាលពីម្សិលមិញ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានចុះដឹកនាំកម្លាំងចម្រុះទាំង អស់ សហការជាមួយភាគីថៃ ធ្វើការរុករកស្ត្រីរងគ្រោះ នៅតាមបណ្តោយអូរព្រំដែននេះ។
ឯកឧត្តម បានលើកឡើងថា ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើន នៅតាមតំបន់ភ្នំផ្នែក ខាងលើ បណ្តាលឱ្យទឹកស្ទឹងប៉ៃលិន និងតាមអូរនានាក្នុងខេត្ត មានសភាពឡើងខុសប្រក្រតី បង្កទៅជា ជំនន់ទឹកភ្លៀង ដូច្នេះពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងប៉ៃលិន និងអូរនានា ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាពមិនល្អ ព្រមទាំង ធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

