អាហ្វហ្គានីស្ថាន៖ រដ្ឋមន្ត្រីការបរទេសស្ដីទីអាហ្វហ្គានីស្ថានលោក Amir Khan Muttaqi បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលថ្មីរបស់ពួកតាលីបង់នៅអាហ្វហ្គានីស្ថានអាចគ្រប់គ្រងការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ដែលបានបើកការវាយប្រហារដ៏កក្រើកជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងដូហាប្រទេសកាតា លោកបាននិយាយថា អស្ថិរភាពនៅអាហ្វហ្គានីស្ថានមិនស្ថិតនៅក្នុងផលប្រយោជន៍របស់នរណាម្នាក់ឡើយ ហើយលោកបានអំពាវនាវឱ្យមានការសហការពីសហគមន៍អន្តរជាតិ ដោយនិយាយថា អាហ្វហ្គានីស្ថាននឹងមិនមែនជាមូលដ្ឋានសម្រាប់ការវាយប្រហារទៅលើប្រទេសផ្សេងទៀតឡើយ។ លោក Ameer Khan Muttaqi រដ្ឋមន្ត្រីការបរទេសតាលីបង់ដែលត្រូវបានតែងតាំងសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទបានបង្ហាញខ្លួនជាលើកដំបូងនៅក្រៅប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីការដួលរលំរដ្ឋធានីកាប៊ុលជិតពីរខែមកនេះ។ ពួកតាលីបង់និយាយថា ខ្លួនចង់បានទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ ដោយជំរុញកិច្ចសហប្រតិបត្តិការរបស់ខ្លួនដើម្បីជួយទប់ស្កាត់ពីការដួលរលំសេដ្ឋកិច្ច។ លោកថា រដ្ឋាភិបាលតាលីបង់បានគ្រប់គ្រងក្រុមរដ្ឋអ៊ីស្លាមដែលកំពុងមានសកម្មភាពកាន់តែខ្លាំងឡើង។
ក្រុមរដ្ឋអ៊ីស្លាមបានទទួលខុសត្រូវចំពោះការវាយប្រហារថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលបានសម្លាប់ជនជាតិភាគតិចអ៊ីស្លាមនិកាយស៊ីអ៊ីត ៤៦នាក់ និងរាប់សិបនាក់ទៀតរងរបួស ខណៈដែលពួកគេកំពុងប្រារព្ធពិធីបួងសួងនៅក្នុងវិហារអ៊ីស្លាមមួយនៅភាគខាងជើងទីក្រុង Kunduz ប្រទេសអាហ្វហ្គានីស្ថាន។ ចំណែកការអប់រំក្មេងស្រីវិញគឺជាតម្រូវការដ៏សំខាន់របស់សហគមន៍អន្តរជាតិ ដោយលោក Muttaqi បានគូសបញ្ជាក់ថា នៅពេលដែលក្រុមតាលីបង់ចូលគ្រប់គ្រងប្រទេសនេះ សាលារៀនទាំងអស់ត្រូវបានបិទដោយសារតែការរឹតត្បិតវិធានការទប់ស្កាត់ការចម្លងវីរុសកូរ៉ូណា៕
អត្ថបទ៖ សុខមាន