រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ក្នុងសមុទ្រក្រហម ដោយសារវាមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងសន្តិសុខជាតិរបស់ប្រទេសអេហ្ស៊ីប។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយថា លោក Abdelatty បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកនៅទីក្រុងគែរ ជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសយេម៉ែនលោក Hans Grundberg។

ក្នុងជំនួបនោះ លោក Abdelatty បានសង្កត់ធ្ងន់លើតម្រូវការក្នុងការអនុម័តវិធីសាស្រ្តដ៏ទូលំទូលាយមួយ ក្នុងការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ដោយចាប់ផ្តើមពីបទឈប់បាញ់ភ្លាមៗ នៅតំបន់ហ្កាហ្សា និង លីបង់ ខណៈជំរុញឲ្យតួអង្គអន្តរជាតិដាក់សម្ពាធ ដើម្បីឈានដល់ដំណោះស្រាយចុងក្រោយ និងអាច អនុវត្តបានចំពោះវិបត្តិ នៅប្រទេសយេម៉ែន។
លោក Abdelatty បានសម្តែងការគាំទ្ររបស់ប្រទេសអេហ្ស៊ីបចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ក្នុងគោលបំណងឈានដល់ដំណោះស្រាយនយោបាយដ៏ទូលំទូលាយមួយចំពោះវិបត្តិយេម៉ែន តាមរបៀបមួយដែលបំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជនយេម៉ែន និងបញ្ចប់ការឈឺចាប់ផ្នែកមនុស្សធម៌របស់ពួកគេ។
ភ្លាមៗបន្ទាប់ពីការផ្ទុះឡើងនៃជម្លោះតំបន់ហ្កាហ្សា នៅក្នុងខែតុលា ឆ្នាំមុន ក្រុមហ៊ួទីនៅយេម៉ែន បានវាយប្រហារម្តងហើយម្តងទៀតលើនាវានៅសមុទ្រក្រហម ដែលខ្លួនអះអាងថា មានទំនាក់ទំនងជាមួយអ៊ីស្រា អែល ដើម្បីគាំទ្រប៉ាឡេស្ទីនក្នុងជម្លោះរបស់ពួកគេ ជាមួយអ៊ីស្រាអែល។
ភាពតានតឹងនៅសមុទ្រក្រហម បានជំរុញក្រុមហ៊ុនដឹកជញ្ជូនឲ្យស្វែងរកផ្លូវនាវាចរណ៍ជំនួសនៅឆ្ងាយពីព្រែកជីកស៊ុយអេ( Suez) ដែលជាប្រភពចំណូលជាតិដ៏សំខាន់សម្រាប់ប្រទេសអេហ្ស៊ីប។