ប្រមុខការទូតនៃប្រទេសកូរ៉េខាងត្បូង និងអង់គ្លេស បានថ្កោលទោសចំពោះការរាយការណ៍អំពីការដាក់ពង្រាយទ័ពរបស់កូរ៉េខាងជើង ដើម្បីគាំទ្ររុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន និងការជួញដូរអាវុធខុសច្បាប់របស់ខ្លួនជាមួយទីក្រុងមូស្គូ ដោយកត់សម្គាល់ថា ពួកគេ កំពុងតាមដាននូវអ្វីដែលរុស្ស៊ីអាចផ្តល់ឲ្យកូរ៉េខាងជើង ជាថ្នូរវិញនោះ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា លោករដ្ឋមន្ត្រីការបរទេស ចូ ថេ យុល (Cho Tae-yul) និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដេវីត ឡាមមី (David Lammy) បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងអត្ថបទរួមមួយដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ បន្ទាប់ពីការសន្ទនាជាយុទ្ធសាស្រ្តរបស់ពួកគេដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល កាលពីថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍ស្តីពីកូរ៉េខាងជើង និងរុស្ស៊ីត្រូវបានចេញដាច់ដោយឡែកពីសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃកិច្ចចរចាទ្វេភាគីរបស់ពួកគេ
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«យើងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបញ្ជួនអាវុធខុសច្បាប់របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងការរាយការណ៍អំពីការដាក់ពង្រាយកងទ័ពរបស់ខ្លួន ទៅកាន់សហព័ន្ធរុស្ស៊ី ដើម្បីគាំទ្រដល់សង្គ្រាមឈ្លានពានដោយខុសច្បាប់របស់រុស្ស៊ី នៅអ៊ុយ ក្រែន»។