ការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយនៅថ្ងៃអង្គារនេះថា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo និងប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូនេស៊ី បានជួបពិភាក្សាគ្នា កាលពីដើមសប្តាហ៍នេះ ហើយបានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យការពារជាតិ រថយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ។

លោក Han បានធ្វើការអត្ថាធិប្បាយនេះ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយនិយាយថា លោកបានជួបជាមួយលោកប្រធានាធិបតី Prabowo Subianto ភ្លាមៗ បន្ទាប់ពីបានចូលរួមក្នុងពិធីស្បថចូល កាន់តំណែងរបស់លោក នៅទីក្រុងហ្សាការតា កាលពីថ្ងៃអាទិត្យ។

លោកបានថ្លែងថា៖«យើងស្នើឲ្យក្រសួងពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ជាពិសេសចំពោះការអនុវត្តគម្រោងសហប្រតិបត្តិការប្រកបដោយជោគជ័យ និងបន្តស្វែងរកគម្រោងថ្មីៗជាមួយបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលកាន់តែមានភាពល្បីល្បាញនៅលើឆាកការទូតពិភពលោក»។
លោក Han បានចេញដំណើរទៅកាន់ទីក្រុងហ្សាការតាកាលពីថ្ងៃសៅរ៍ ដើម្បីចូលរួមពិធីនេះ ហើយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូង ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលថ្មីនេះ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី មុនពេលវិលត្រឡប់មកប្រទេសវិញ កាលពីថ្ងៃចន្ទ។