ប្រជាជនគុយបា ជាច្រើននាក់បានចេញតវ៉ាក្នុងរដ្ឋធានីហាឡាវ៉ាន កាលពីយប់ថ្ងៃចន្ទ (២១ តុលា) ប្រឆាំងនឹងការដាច់ចរន្តអគ្គិសនីដ៏អូសបន្លាយ ដែលកំពុងប៉ះពាល់ដល់ពលរដ្ឋរាប់លាននាក់បន្ទាប់ពីបណ្តាញអគ្គិសនីជាតិបានដួលរលំអស់ជាច្រើនថ្ងៃ ខណៈព្យុះ អូស្ការ (Oscar) បានបន្ថែមពីលើទុក្ខសោករបស់អ្នកស្រុក ដោយវាយប្រហារប្រទេសកោះនេះ និងសម្លាប់មនុស្សជាច្រើននាក់។

ពលរដ្ឋគុយបា បានតវ៉ាតាមដងផ្លូវក្នុងតំបន់ សេនត្រូ ហាបាណា (Centro Habana) ដោយស្រែកថា "បើកភ្លើងវិញ" ដោយពុំមានឧប្បត្តិហេតុហិង្សាណាមួយជាមួយអាជ្ញាធរឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃចន្ទ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាស កានែល (Miguel Díaz-Canel) បាននិយាយថា ថាមពលត្រូវបានស្ដារឡើងវិញដល់ ៩០% ហើយក្នុងទីក្រុងហាឡាវ៉ាន ប៉ុន្តែក្រោយមក ក្រុមហ៊ុនអគ្គិសនីនៃរដ្ឋធានីរាយការណ៍ថា “ផលប៉ះពាល់ដោយសារតែការដាច់ចរន្ត” នៅតែមានក្នុងតំបន់មួយចំនួន រួមទាំងតំបន់ដែលការតវ៉ាបានកើតឡើងផងដែរ។

ព្យុះត្រូពិក Oscar បានវាយបក់លើចុងបូព៌ា ដោយធ្វើឱ្យបណ្ដាញខ្សែភ្លើងត្រូវខូចខាតដោយសារដើមឈើដួលរលំ។ តំបន់ភាគខាងកើតគុយបាភាគច្រើននៅតែគ្មានថាមពល និងបណ្ដាញទំនាក់ទំនង នៅក្នុងការដួលរលំបណ្តាញអគ្គិសនីចុងក្រោយបំផុតក្នុងរយៈពេល ៤ថ្ងៃកន្លងមក តាំងតែពីថ្ងៃសុក្រសប្ដាហ៍មុនដោយសាររោងចក្រផ្គត់ផ្គង់បានបិទ៕