បាល់ទាត់៖ គ្រូបង្គោលក្រុមជំរើសជាតិវៀតណាមលោក Park Hang-seo រំពឹងថា ក្រុមរបស់លោកនឹងធ្វើបានល្អជាងប្រកួតមុនៗ ក៏រំពឹងថានឹងរកបានជ័យជំនះលើកដំបូងផងដែរក្នុងពូល B នៃវគ្គជំរុះជុំទី៣ តំបន់អាស៊ីឆ្ពោះទៅ World Cup ២០២២ ប្រទេសកាតា។ ក្រុមវៀតណាមបានឈានមកដល់ជុំទី៣ នៃវគ្គជំរុះតំបន់អាស៊ីនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ តែពួកគេបានរងបរាជ័យផ្ទួនៗផងដែរដោយរួមមានចាញ់អារ៉ាប៊ីសាអ៊ូឌីត ៣-១, ចាញ់អូស្ត្រាលី ១-០ និងចុងក្រោយចាញ់ចិន ៣-២ នៅចុងម៉ោង។

លោក Park Hang-seo បាននិយាយថា បីប្រកួតដែលចាញ់លោកពិតជាមានសំពាធពីអ្នកគាំទ្រ ហើយនៅចំពោះមុខនៅពេលនេះគោលដៅគឺធ្វើឱ្យបានល្អជាងអូម៉ង់។ ចំណែកខ្សែការពារវៀតណាម Que Ngoc Hai បាននិយាយថា បីប្រកួតដំបូងថ្វីត្បិតតែចាញ់ តែគេគិតថាក្រុមលេងបានល្អ តែបទពិសោធន៍គឺជាបញ្ហាសម្រាប់វៀតណាមដែលមកដល់វគ្គនេះជាលើកដំបូង។ ក្រៅពីវៀតណាមជួបជាមួយអូម៉ង់នៅក្នុងពូល B នេះ ជប៉ុនត្រូវទទួលអូស្ត្រាលី ខណៈអារ៉ាប៊ីសាអ៊ូឌីតទទួលចិន។ គិតមកដល់ពេលនេះក្រោយលេងបាន ៣ប្រកួតវៀតណាមជាក្រុមក្រោមគេមិនមានពិន្ទុរាប់ឡើយ ខណៈអូស្ត្រាលីឈរលើគេមាន ៩ពិន្ទុពេញដូចគ្នានឹងក្រុមលេខ២ អារ៉ាប៊ីសាអ៊ូឌីត ខណៈលេខ៣ គឺជប៉ុនមានត្រឹម ៣ពិន្ទុស្មើជាគ្នាជាមួយអូម៉ង់ និងចិន៕
អត្ថបទ៖នាង សុភាវុធ