យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទ (២១ តុលា) ថា ក្រុមហេសបូឡា បានរក្សាទុកសាច់ប្រាក់ និងមាសដែលមានតម្លៃរាប់រយលានដុល្លារ នៅក្នុងលេនដ្ឋានដែលសាងសង់នៅក្រោមមន្ទីរពេទ្យក្នុងទីក្រុងបេរូត របស់លីបង់ ដោយបន្ថែមថា ខ្លួននឹងមិនវាយប្រហារកន្លែងនេះទេ ខណៈនៅតែបន្តវាយលុកប្រឆាំងនឹងទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់ក្រុមសកម្មប្រយុទ្ធមួយនេះ។

លោក ហ្វាឌី អាឡាមេ (Fadi Alameh) សមាជិកសភាលីបង់ និងជាប្រធានមន្ទីរពេទ្យ អាល់សាហែល (Al-Sahel) ដែលត្រូវចោទថាលាក់ប្រាក់នោះ បានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ីស្រាអែលកំពុងអះអាងមិនពិត និងបង្កាច់បង្ខូច ហើយអំពាវនាវឱ្យកងទ័ពលីបង់ ចុះទៅពិនិត្យ ហើយបង្ហាញថាទីតាំងនោះគ្រាន់តែជាបន្ទប់វះកាត់អ្នកជំងឺ និងកន្លែងតម្កល់សពធម្មតាប៉ុណ្ណោះ។

អ្នកនាំពាក្យប្រមុខយោធាអ៊ីស្រាអែល លោក ដានីញែល ហាហ្ការី (Daniel Hagari) បាននិយាយ ចារកម្មអ៊ីស្រាអែល បានប្រមូលព័ត៌មានសម្ងាត់នេះអស់ពេលជាច្រើនឆ្នាំ ដោយបន្ថែមថា អតីតមេដឹកនាំក្រុមហេសបូឡា លោក សាយ៉េដ ហាសាន ណាស្រាឡា (Sayyed Hassan Nasrallah) ដែលអ៊ីស្រាអែល បានសម្លាប់កាលពីខែមុន បានសាងសង់លេនដ្ឋាននោះ សម្រាប់ការស្នាក់នៅរយៈពេលយូរ។

លោក Hagari លើកឡើងថា “មានប្រាក់ និងមាសតម្លៃរាប់រយលានដុល្លារ នៅក្នុងលេនដ្ឋាននោះឥឡូវនេះ ដោយអំពាវនាវដល់រដ្ឋាភិបាលលីបង់ អាជ្ញាធរលីបង់ និងអង្គការអន្តរជាតិ កុំអនុញ្ញាតឱ្យក្រុមហេសបូឡា ប្រើប្រាក់ទាំងនោះសម្រាប់អំពើភេរវកម្ម និងវាយប្រហារលើអ៊ីស្រាអែល”។ ក្រុមហេសបូឡា មិនទាន់អត្ថាធិប្បាយជុំវិញរឿងនេះទេ៕