យោងតាមលិខិតមួយដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃចន្ទ (២១ តុលា) បង្ហាញថា មន្រ្តីជាន់ខ្ពស់ជាច្រើនរបស់អង្គការសហប្រជាជាតិ រួមមានប្រធានកម្មវិធីស្បៀងអាហារពិភពលោក WFP និងប្រមុខទីភ្នាក់ងារកុមារយូនីសេហ្វ (UNICEF) បានអំពាវនាវជាឯកជនទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឱ្យជួយ “បន្ធូរបន្ថយការឈឺចាប់របស់ជនស៊ីវិលរាប់មិនអស់” នៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប, វេសបែង (West Bank) និងប្រទេសលីបង់។
នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី ខាធើរីន រូសស៊ែល (Catherine Russell) និងនាយកប្រតិបត្តិ WFP បានសរសេរនៅក្នុងលិខិតមួយដែលមិនបានរាយការណ៍ចុះថ្ងៃទី១១ ខែតុលាថា “សកម្មភាពមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងអត្ថន័យ គឺអាចធ្វើទៅបានជាមួយនឹងឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរបស់អ្នក” ដោយសំដៅទៅកាន់លោក Netanyahu។ ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ មិនបានឆ្លើយតបភ្លាមៗលើសំណើសុំការអត្ថាធិប្បាយលើលិខិតនេះទេ។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា តួលេខជំនួយដែលចូលទៅក្នុងហ្កាហ្សា បានធ្លាក់ចុះដល់កម្រិតទាបបំផុតពេញមួយឆ្នាំ។ លើសពីនេះទៀត ក្រុមឃ្លាំមើលភាពអត់ឃ្លានជាសាកលបានព្រមានពីទុក្ខវេទនារបស់អ្នកស្រុក ហើយអង្គការសហប្រជាជាតិបានចោទអ៊ីស្រាអែល ថាបានបដិសេធ និងរារាំងការប៉ុនប៉ងរាប់សិបដងក្នុងខែនេះ ដើម្បីផ្តល់ជំនួយ ជាពិសេសទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សា។
អ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកយោធាយ៉ាងទូលំទូលាយនៅភាគខាងជើងតំបន់ហ្កាហ្សាកាលពីដើមខែនេះ។ សហរដ្ឋអាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងឃ្លាំមើលដើម្បីធានាថាសកម្មភាពរបស់អ៊ីស្រាអែល បញ្ជាក់ថាខ្លួនមិនប្រើ “វិធីសាស្រ្តអត់ឃ្លាន” ប្រឆាំងអ្នកស្រុកនៅភាគខាងជើងដែនដីហ៊ុមព័ទ្ធមួយនេះ៕