កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនក្រុមជនសង្ស័យ៥នាក់ កសាងសំណុំរឿងបញ្ចូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ស្អែកនេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ក្រោយក្រុមជនសង្ស័យទាំងនេះដែលតែងធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ បណ្តាលអោយជនរងគ្រោះរបួសជាច្រើននាក់ផង ។
នេះបើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ។

គួរបញ្ជាក់ផងដែរថា កាលពី ថ្ងៃទី១៨ ខែ តុលា ២០២៤ កន្លងទៅនេះ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៅដោយអនុវត្តតាមបទបញ្ជា ផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យនគរបាលផែនព្រហ្មទណ្ឌដឹកនាំកំលាំងចុះស្រាវជ្រាវបង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យ៥នាក់ជា បន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងករណីឆក់ កាបូប និង ទូរស័ព្ទ ចំនួន០៥ករណីផ្សេងគ្នា។
នគរបាលបានអោយដឹងទៀតថា ករណីទី១៖ លួចយកកាបូប នៅចំណុច ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់មានជ័យទី២ ខណ្ឌមានជ័យ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ ករណីទី២៖ លួចយកកាបូប នៅចំណុច ផ្លូវលំ សង្កាត់ចាក់អង្ក្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៤។ ករណីទី៣៖ លួចយកកាបូប នៅចំណុច ផ្លូវលំ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។ ករណីទី៤៖ ឆក់យកកាបូប និងទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលើដងផ្លូវ២៧១ ភូមិ០១ សង្កាត់ ទួលទំពន់ទី២ ខណ្ឌចំការមន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។ និងករណីទី៥៖ ឆក់យកថង់ខ្មៅ នៅចំណុច ផ្លូវស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់មានជ័យទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី ខែសីហា ឆ្នាំ២០២៤៕ អត្ថបទ៖ កុម្ភះ


