ប្រធានាធិបតីប្រទេសទុយនីស៊ី លោក Kais Saied បានស្បថចូលកាន់តំណែង ក្នុងសម័យប្រជុំពេញអង្គរបស់សភា បន្ទាប់ពីលោក បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោត ក្នុងខែនេះ។
លោកប្រធានាធិបតី Kais Saied ជាសាស្ត្រាចារ្យច្បាប់រដ្ឋធម្មនុញ្ញដែលបានចូលនិវត្តន៍ បានទទួលជ័យជម្នះអាណត្តិទីពីរនៅក្នុងការបោះឆ្នោតរបស់ប្រទេសទុយនីស៊ី ដោយទទួលបានសំឡេងឆ្នោត ៩០,៦៩%។
ចំនួនអ្នកទៅបោះឆ្នោតមាន២៨,៨% ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៦ ខែតុលា ដែល លោក Saied ត្រូវប្រជែងជាមួយបេក្ខជនក្នុងការបោះឆ្នោតចំនួនពីររូប មានអតីតសម្ព័ន្ធមិត្តរបស់លោកដែលបានប្រែក្លាយទៅជាអ្នករិះគន់ជាមេដឹកនាំគណបក្ស Chaab លោក Zouhair Maghzaoui និង លោក Ayachi Zammel ដែលជាប់ពន្ធនាគារកាលពីខែមុន។
លោក Saied ដែលបានជាប់ឆ្នោតនៅក្នុងឆ្នាំ២០១៩ បានកាន់កាប់អំណាចភាគច្រើននៅឆ្នាំ២០២១ នៅពេលដែលលោកបានរំលាយសភាជាប់ឆ្នោត និងបានតាក់តែងរដ្ឋធម្មនុញ្ញឡើងវិញ ជាចំណាត់ការមួយដែលក្រុមប្រឆាំង បានចាត់ទុកថាជារដ្ឋប្រហារ។