តុលាការរបស់ប្រទេសប៉េរូ កាលពីថ្ងៃចន្ទ បានកាត់ទោសអតីតប្រធានាធិបតី លោក Alejandro Toledo ដែលបានចូលកាន់តំណែងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ៦ខែ បន្ទាប់ពីរកឃើញថា លោកមានពិរុទ្ធពីបទឃុបឃិតនិងលាងលុយកខ្វក់ ក្នុងសំណុំរឿងរបស់ក្រុមហ៊ុន អូដេប្រិច(Odebrecht)។
សេចក្តីសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយតុលាការថ្នាក់ទី២នៃប្រព័ន្ធតុលាការកំពូលជាតិផ្នែកឧក្រិដ្ឋកម្ម ដែលធ្វើឱ្យ លោក Toledo ក្លាយជាអតីតប្រធានាធិបតីដំបូងគេក្នុងចំណោម៤រូបដែលត្រូវបានស៊ើបអង្កេត ឈានដល់ការជាប់ពន្ធនាគារនៅក្នុងករណីរបស់ក្រុមហ៊ុន Odebrecht ជារឿងអាស្រូវពុករលួយធំបំផុតមួយនៅប្រទេសអាមេរិកឡាទីនមួយនេះ។
អតីតប្រធានាធិបតីវ័យ៧៨ឆ្នាំរូបនេះ ត្រូវបានគេធ្វើបត្យាប័នពីសហរដ្ឋអាមេរិក កាលពីខែមេសា ឆ្នាំមុន ដើម្បីប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទទទួលសំណូកយ៉ាងហោចណាស់២០លានដុល្លារពីក្រុមហ៊ុន Odebrecht ជាក្រុមហ៊ុនសំណង់ប្រទេសប្រេស៊ីល ជាថ្នូរនឹងកិច្ចសន្យារបស់រដ្ឋាភិបាលក្នុងការសាងសង់ផ្លូវហាវ៉េ តភ្ជាប់ប្រទេសប៉េរូ និងប្រទេសប្រេស៊ីល។
ក្នុងអំឡុងពេលសវនាការ លោក Toledo បានទទូចថាលោក «គ្មានកំហុស» ដោយនិយាយថា លោកពុំដែលបានរៀបចំផែនការណាមួយជាមួយលោក Barata ដែលជាអតីតប្រធានក្រុមហ៊ុន Odebrecht នៅក្នុងប្រទេសប៉េរូ នោះទេ។