អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ (ទី២១ ខែតុលា) បានព្រមានថា សហរដ្ឋអាមេរិកនឹងត្រូវទទួល «ខុសត្រូវទាំងស្រុង» ក្នុងករណីមានការវាយប្រហារសងសឹកដោយអ៊ីស្រាអែលលើសាធារណរដ្ឋអ៊ិស្លាម បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានបង្ហាញថា លោកដឹងពីផែនការរបស់អ៊ីស្រាអែល ដែលនឹងធ្វើដូច្នេះ។
លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) បានហៅការកត់សម្គាល់របស់លោក Biden ថា គឺជារឿង «គួរឲ្យព្រួយបារម្ភ និងជាការបង្កហេតុ» នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រមុខ UN លោក Antonio Guterres និងប្រមុខក្រុមប្រឹក្សាសន្តិសុខ គឺប្រទេសស្វីស។
ប្រធានាធិបតីអាមេរិក បានឆ្លើយតបថា «បាទ/មែនហើយ» នៅពេលអ្នកសារព័ត៌មានបានសួរ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមកថា តើលោក «បានដឹងច្បាស់ដែរ ឬទេ នាពេលនេះ» អំពីវិធី និងពេលវេលាដែលអ៊ីស្រាអែលនឹងឆ្លើយតបទៅនឹងការបាញ់មីស៊ីលយ៉ាងសន្ធាប់របស់អ៊ីរ៉ង់ កាលពីថ្ងៃទី១ ខែតុលា។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកប្រមាណ ២០០គ្រាប់សំដៅទៅអ៊ីស្រាអែល ដើម្បីជាការសងសឹក ចំពោះការសម្លាប់បណ្ដាមេដឹកនាំរបស់ក្រុមគាំទ្រដោយទីក្រុងតេអេរ៉ង់ ដូចជាក្រុមហាម៉ាស និងហេសបូឡា ព្រមទាំងឧត្តមសេនីយ៍របស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ម្នាក់ផងដែរ។
សម្ព័ន្ធមិត្តរបស់អាមេរិក គឺអ៊ីស្រាអែល ដែលកំពុងធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា នៅប្រទេសលីបង់ បានប្តេជ្ញាសងសឹកអ៊ីរ៉ង់ ចំពោះការវាយប្រហារនេះ៕